កូរ៉េខាងជើងបានបង្កើតថ្ងៃឈប់សម្រាកថ្មីមួយដើម្បីរំលឹកដល់ការបាញ់មីស៊ីលHwasong-17
ប្រទេសកូរ៉េខាងជើងបានបង្កើតថ្ងៃឈប់សម្រាកថ្មីមួយដើម្បីរំលឹកដល់ការបាញ់សាកល្បងដោយជោគជ័យនៃមីស៊ីលផ្លោងអន្តរទ្វីបHwasong-17 កាលពីឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន KCNA ។KCNA បានរាយការណ៍កាលពីថ្ងៃទី៥ខែមករាថា ថ្ងៃទី១៨ខែវិច្ឆិកា ជារៀងរាល់ឆ្នាំត្រូវបានកំណត់ថាជាថ្ងៃឈប់សម្រាកបន្ទាប់ពីកិច្ចប្រជុំរបស់ប្រធានសភាប្រជាជនកំពូល។KCNAបាននិយាយថា”ការបង្កើតទិវាឧស្សាហកម្មមីស៊ីលគឺជាព្រឹត្តិការណ៍ពិសេសមួយនៅក្នុងដំណើរអភិវឌ្ឍន៍វិស័យការពារជាតិដ៏ពិសិដ្ឋរបស់យើង” ។

KCNA បានសរសេរថា ជាមួយនឹងការបាញ់បង្ហោះនេះ កូរ៉េខាងជើង “បានបង្ហាញដល់ពិភពលោកនូវភាពរុងរឿងនៃមហាអំណាចនុយក្លេអ៊ែរលំដាប់ពិភពលោកនិងជាប្រទេសដែលមានកាំជ្រួចផ្លោងអន្តរទ្វីបដ៏មានឥទ្ធិពលបំផុត”។កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងហោះហើរលើកដំបូងរបស់ Hwasong-17 ដោយក្រុមអ្នកវិភាគដាក់ឈ្មោះថា “Monster missile” ។កូរ៉េខាងជើងជាញឹកញាប់ធ្វើតេស្តអាវុធធំៗនៅថ្ងៃបុណ្យសំខាន់។ ប្រទេសនេះក៏ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាលើកទី៣ផងដែរ។ នេះបើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ទីក្រុងសេអ៊ូលបាននិយាយកាលពីសប្តាហ៍មុន។បន្ទាប់ពីការសាកល្បងបរាជ័យលើកទី២ក្នុងខែសីហា ទីក្រុងព្យុងយ៉ាងបានប្រកាសថាខ្លួននឹងធ្វើការបាញ់បង្ហោះលើកទី៣នៅក្នុងខែតុលា។ប៉ុន្តែវាមិនបានកើតឡើងនោះទេ។
កូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួចជាកំណត់ត្រាមួយក្នុងឆ្នាំនេះ បើទោះជាមានការព្រមានពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តក៏ដោយ។កាលពីខែកញ្ញាទីក្រុងព្យុងយ៉ាងបានកំណត់ឋានៈរបស់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ទន្ទឹមនឹងនេះ មេដឹកនាំគីមជុងអ៊ុនបានអំពាវនាវឱ្យបំពាក់អាវុធនុយក្លេអ៊ែរទំនើបបន្ថែមទៀត ដើម្បីទប់ទល់នឹងការគំរាមកំហែងពីខាងក្រៅ៕ប្រភពAFP
