លោកលីសៀនឡុងប្រកាសថាលោកនឹងផ្ទេរអំណាចទៅឲ្យមនុស្សជំនាន់ថ្មី
នៅថ្ងៃអាទិត្យទី៥វិច្ឆិកានេះលោកលី សៀនឡុងនាយករដ្ឋមន្ត្រីសិង្ហបុរី បានប្រកាសថាលោកនឹងផ្ទេរអំណាចគ្រប់គ្រងគណបក្សទៅឲ្យមនុស្សជំនាន់ថ្មីដើម្បីឈានទៅយកជ័យជំនះនៅក្នុងការបោះឆ្នោតអាណត្តិក្រោយ។ការបោះឆ្នោត ដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រុមការងារជំនាន់ថ្មីនេះនឹងដឹកនាំដោយលោក Lawrence Wong អាយុ អាយុ៥០ឆ្នាំ បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី។ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់គណបក្ស People’s Action Party (PAP) លោកលី សៀនឡុងបានលើកឡើងថា ក្រុមការងាររបស់លោក Lawrence Wong បានទទួលបាននូវបទពិសោធន៍ការងារជោគជ័យដ៏ច្រើននៅក្នុងអំឡុងពេលវិបត្តិកូវីដ១៩។ ដូច្នេះ គ្មានហេតុផលអ្វីដែលត្រូវបង្អែរបង្អង់ពន្យារពេលនៃការផ្ទេរអំណាចទៀតនោះទេ។ លោកលី សៀនឡុង បានបន្ថែមទៀតថាលោកនឹងត្រៀមខ្លួនជាប្រចាំ ចាំជួយនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មី។

គួរឲ្យដឹងដែរថាលោក លី សៀនឡុង ដែលបច្ចុប្បន្នមានអាយុ៧១ឆ្នាំ ធ្លាប់បានសន្យាថាលោកនឹងផ្ទេរអំណាចទៅឲ្យមនុស្សជំនាន់ថ្មី នៅពេលលោកចូលអាយុ៧០ឆ្នាំ។ក៏ប៉ុន្តែកាលពីឆ្នាំ២០២២ដោយសារតែវិបត្តិជម្ងឺកូវីដ១៩ បានធ្វើឲ្យលោកសម្រេចចិត្តបន្តគ្រប់គ្រងប្រទេសបន្តទៀត ដោយខ្លាចក្រែងមនុស្សថ្មីគ្មានបទពិសោធន៍ ធ្វើឲ្យប្រទេសជួបបញ្ហាពិបាក។
ថ្លែងនៅចំពោះមុខសមាជិកបក្សប្រមាណជាង១ពាន់នាក់ នៅថ្ងៃទី៥វិច្ឆិកានេះ លោកលី សៀនឡុង បានអះអាងថាលោកនឹងប្រគល់ការងារទៅឲ្លោកLawrenceWongដើម្បីដឹកនាំគណបក្សឈានទៅយកជ័យជំនះ ក្នុងការបោះឆ្នោតអាណត្តិក្រោយ។ លោកបន្ថែមថា បើអ្វីៗរលូនដូចការរំពឹងទុក គឺលោកនឹងផ្ទេរអំណាចជាផ្លូវការ នៅថ្ងៃបុណ្យខួបលើកទី៧០នៃគណបក្ស People’s Action Party នៅខែវិច្ឆិកាឆ្នាំ២០២៤។ប្រសិនបើលោក Lawrence Wong នឹងឡើងមកដឹកនាំប្រទេសមែន នោះគឺជាលើកទី២ហើយ សម្រាប់សិង្ហបុរី ដែលមាននាយករដ្ឋមន្ត្រី មិនមែនជាមនុស្សក្នុងវង់ត្រកូលលី។ លោកលី សៀនឡុង ដែលបានចូលកាន់អំណាចនៅឆ្នាំ២០០៤ បានលើកឡើងថា “ប៉ុន្មានឆ្នាំមកនេះ គណបក្ស People’s Action Party បានធ្វើកំណែទម្រង់ស៊ីជំរៅច្រើនណាស់ ដើម្បីឆ្លើយតបទៅនឹងឧបសគ្គ ក៏ដូចជាការលំបាកទាំងឡាយ ដែលបានចោទឡើង ដើម្បីឈានទៅរក្សាប្រទេសឲ្យមានស្ថិរភាពនិងសន្តិសុខ។គួរកត់សំគាល់ដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បានរឿងអាស្រូវខ្លះៗ បានផ្ទុះឡើងធ្វើរញ្ជួយដល់ក្បាលម៉ាស៊ីននយោបាយសិង្ហបុរី ដែលគេធ្លាប់តែអួតសរសើរថាគ្មានអំពើពុករលួយ។ រឿងអាស្រូវពុករលួយ មានពាក់ព័ន្ធនឹងលោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនហើយបានថែមទាំងធ្វើឲ្យសមាជិកសភា២នាក់នៃគណបក្សកាន់អំណាចត្រូវបង្ខំចិត្តលាលែងតំណែង៕
