តើអ៊ីស្រាអែលចំណាយប្រាក់ប៉ុន្មានក្នុងការវាយប្រហារគោលដៅ១២.០០០នៅហ្គាហ្សា?
ក្រុមអ្នកសង្កេតការណ៍ប៉ាន់ប្រមាណចំនួនទឹកប្រាក់ដែលអ៊ីស្រាអែលបានចំណាយដើម្បីវាយប្រហារគោលដៅចំនួន១២,០០០ នៅហ្គាហ្សាក្នុងអំឡុងពេលជិតមួយខែនៃការប្រយុទ្ធជាមួយក្រុមហាម៉ាស់។Al Jazeera បានរាយការណ៍ថាអ្នកជំនាញនិយាយថា អ៊ីស្រាអែលហាក់ដូចជាបានចំណាយប្រាក់ចំនួន២ពាន់លានដុល្លារ ដើម្បីអនុវត្តយុទ្ធនាការទម្លាក់គ្រាប់បែកលើគោលដៅចំនួន១២,០០០ នៅតំបន់ហ្គាហ្សាស្ទ្រីបនាពេលថ្មីៗនេះ។ការឆ្លើយតបដំបូងរបស់អ៊ីស្រាអែលចំពោះការវាយឆ្មក់របស់ពួកហាម៉ាសនៅថ្ងៃទី៧ខែតុលាគឺការបញ្ជូនកងទ័ពអាកាសទៅទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា។
បន្ទាប់ពីការប្រយុទ្ធគ្នាជិតមួយខែ ក្រុមមន្ត្រីប៉ាឡេស្ទីនបានប៉ាន់ប្រមាណថា អ៊ីស្រាអែលប្រហែលជាបានទម្លាក់គ្រាប់បែកចំនួន១៨,០០០ តោនទៅលើតំបន់ហ្គាហ្សា។ ប៉ុន្តែមិនបានបញ្ជាក់ពីការគណនានោះទេ។
គ្រាប់បែកភាគច្រើនដែលអ៊ីស្រាអែលប្រើគឺMk80 ដែលផលិតដោយសហរដ្ឋអាមេរិក។គ្រាប់បែកទាំងនេះមួយចំនួនត្រូវបានកែលម្អពីគ្រាប់បែកធម្មតាទៅជាគ្រាប់បែកឆ្លាតវៃដែលមានទម្ងន់ពី១២០-១,០០០គីឡូក្រាម។ប្រសិនបើតួលេខ១៨,០០០តោនត្រឹមត្រូវ នោះអ៊ីស្រាអែលកំពុងទម្លាក់គ្រាប់បែកជាមធ្យម៦០០តោននៅលើតំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ។

យោងតាមសារព័ត៌មាន Al Jazeera អ៊ីស្រាអែលអាចនឹងកំពុងចំណាយប្រាក់យ៉ាងច្រើនដើម្បីធ្វើការវាយប្រហារដោយគ្រាប់បែកក្នុងកម្រិតខ្លាំង។ជាឧទាហរណ៍កងទ័ពអាកាសអាមេរិកចំណាយជាមធ្យម១៦,០០០ ដុល្លារ ដើម្បីទម្លាក់គ្រាប់បែក១តោន រួមទាំងអាវុធនិងថ្លៃប្រតិបត្តិការ។
អ៊ីស្រាអែលអាចនឹងត្រូវបង់ប្រាក់ច្រើនជាងនេះ ព្រោះប្រទេសនេះនាំចូលសព្វាវុធពីអាមេរិកដែលគេប៉ាន់ប្រមាណថាប្រហែល ២៥.០០០ ដុល្លារក្នុងមួយតោននៃគ្រាប់បែកធម្មតា។ប្រសិនបើគ្រាប់បែកទំនើបត្រូវបានប្រើប្រាស់ នោះការចំណាយអាចខ្ពស់ជាងច្រើនដោយសារឧបករណ៍អេឡិចត្រូនិចច្រើនតែមានតម្លៃថ្លៃ។ប្រសិនបើប្រើគ្រាប់បែកធម្មតាអ៊ីស្រាអែលអាចចំណាយ ១៥ លានដុល្លារក្នុងមួយថ្ងៃដើម្បីវាយប្រហារហ្កាហ្សា។ ជាមួយនឹងជម្រើសគ្រាប់បែកទំនើបនេះអាចឈានដល់ ២៥លានដុល្លារ។
លើការទម្លាក់គ្រាប់បែកតែម្នាក់ឯង Al Jazeera ប៉ាន់ប្រមាណថាអ៊ីស្រាអែលបានចំណាយប្រាក់៧៥០លានដុល្លារ។ លើសពីនេះ ពួកគេក៏ត្រូវចំណាយលើការចំណាយផ្សេងទៀតផងដែរ ឧទាហរណ៍ ដើម្បីប្រតិបត្តិការក្រុម F-16 ដើម្បីអនុវត្តការវាយប្រហារតាមអាកាស។ រាល់ម៉ោងហោះហើររបស់ F-16 មានតម្លៃជាមធ្យម៨,០០០ ដុល្លារ។ ប្រសិនបើកងទាហានអ៊ីស្រាអែលហោះហើរ ៣០០ ម៉ោងក្នុងមួយថ្ងៃ វានឹងធ្វើឱ្យពួកគេចំណាយប្រាក់២,៥ លានដុល្លារក្នុងមួយថ្ងៃ និងសរុបចំនួន ៧៥លានដុល្លាររហូតមកដល់ពេលនេះ។លើសពីនេះអ៊ីស្រាអែលក៏ត្រូវបង់ថ្លៃចំណាយផ្សេងទៀត ដើម្បីរក្សាសកម្មភាពទម្លាក់គ្រាប់បែក ដូចជាការឃ្លាំមើល ការឈ្លបយកការណ៍ សង្គ្រាមអេឡិចត្រូនិក ការព្រមានជាមុនតាមអាកាស បញ្ជា និងការគ្រប់គ្រង…។
បច្ចុប្បន្ននេះ មិនមានស្ថិតិស្តីពីចំនួនប្រជាជនប៉ាឡេស្ទីនជាង៩,០០០ នាក់ ដែលត្រូវបានសម្លាប់នៅហ្គាហ្សាដែលជាសមាជិកនៃក្រុមហាម៉ាស់។ ប៉ុន្តែចំនួនជនស៊ីវិលដែលបាត់បង់ជីវិតមានច្រើនណាស់។អ៊ីស្រាអែលបានពន្យល់ថា ខ្លួនមានការខូចខាតតិចតួចចំពោះគោលដៅជនស៊ីវិល ។ប៉ុន្តែបានចោទប្រកាន់ក្រុមហាម៉ាស់ថាមានចេតនាលាយឡំជាមួយជនស៊ីវិលប៉ាឡេស្ទីនក្នុងរយៈពេលថ្មីៗនេះដែលនាំឱ្យមានការខូចខាតយ៉ាងខ្លាំង៕ប្រភពAl Jazeera
