កងពលតូចមីយ៉ាន់ម៉ាបានចុះចាញ់ក្រុមឧទ្ទាម
កងពលតូចលេខ១៤៣បានចុះចាញ់ក្រុមឧទ្ទាមក្នុងរដ្ឋShanមុនពេលដែលកងទ័ពមីយ៉ាន់ម៉ាបានប្រកាសថាខ្លួនបានបាត់បង់ការគ្រប់គ្រងទីក្រុងព្រំដែន Chinshwehaw។អ្នកនាំពាក្យក្រុមឧទ្ទាមសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា(MNDAA)បាននិយាយកាលពីថ្ងៃទី១ខែវិច្ឆិកាថា កងពលតូចថ្មើរជើងទី១៤៣នៃកងទ័ពមីយ៉ាន់ម៉ា បានចុះចាញ់នឹងសម្ព័ន្ធ Brotherhoodដែលជាកម្លាំងដែលប្រមូលផ្តុំក្រុមឧទ្ទាមដែលកំពុងប្រតិបត្តិការនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។សម្ព័ន្ធភាតរភាព រួមមានក្រុមឧទ្ទាម MNDAA កងទ័ពរំដោះជាតិ Ta’ang (TNLA) និងកងទ័ព Arakan (AA) កាលពីថ្ងៃទី២៧ខែតុលា បានបើកប្រតិបត្តិការលេខ១០២៧ ដោយវាយលុកមូលដ្ឋានយោធាជាបន្តបន្ទាប់នៅមីយ៉ាន់ម៉ាក្នុងរដ្ឋ Shan និង Kachin ។ នេះត្រូវបានគេចាត់ទុកថាជាការវាយប្រហារធំបំផុតដោយក្រុមឧទ្ទាមប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១។យោងតាម MNDAA មេបញ្ជាការកងពលតូចលេខ ១៤៣ ដែលឈរជើងនៅជិតភូមិ Kan Mong ក្នុងក្រុង Kunlong រដ្ឋ Shan បានសម្រេចចិត្តចុះចាញ់ជាជាងប្រយុទ្ធជាមួយក្រុមឧទ្ទាមដើម្បីការពារមូលដ្ឋាន។តំណាង MNDAA លោក Li Kyarwen បាននិយាយថា “បន្ទាប់ពីការចរចាជាមួយកងកម្លាំងចម្រុះរបស់យើងពួកគេបានសម្រេចចិត្តដកខ្លួនចេញពីបន្ទាយនៅថ្ងៃទី៣០ខែតុលា ដោយបន្សល់ទុកនូវអាវុធ គ្រាប់រំសេវនិងអាហារទាំងអស់” ។
ទំព័រហ្វេសប៊ុកក្រុមThe Kokangបានបង្ហោះវីដេអូបង្ហាញពីក្រុមឧទ្ទាមប្រមូលអាវុធ និងគ្រាប់រំសេវយ៉ាងច្រើននៅបន្ទាយកងម៉ុងកាលពីថ្ងៃទី៣០ តុលា បន្ទាប់ពីកងទ័ពរដ្ឋាភិបាលដកចេញ ។

MNDAA បាននិយាយថា ក្រុមនេះបានអនុញ្ញាតឱ្យទាហាននៃកងពលតូចទី ១៤៣ត្រឡប់ទៅគ្រួសាររបស់ពួកគេវិញនិងជួយឧបត្ថម្ភថ្លៃធ្វើដំណើររបស់ពួកគេ។យោងតាម MNDAA យ៉ាងហោចណាស់មានកងជីវពល១៥ នាក់ដែលគាំទ្ររដ្ឋាភិបាលនៅKokangដែលត្រូវបានគេស្គាល់ថាជាតំបន់ពិសេសទី១នៃរដ្ឋShanក៏បានដាក់អាវុធរបស់ពួកគេកាលពីថ្ងៃទី៣១ខែតុលា។ ក្រុមឧទ្ទាមនេះបានប្រកាសថាទាហាននិងកងជីវពលជាង ១០០នាក់បានចុះចាញ់ក្នុងប្រតិបត្តិការ១០២៧។ កងទ័ពមីយ៉ាន់ម៉ាមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។ក្រៅពីកងពលតូចលេខ១៤៣កងពលថ្មើរជើងមួយទៀតរបស់កងទ័ពមីយ៉ាន់ម៉ាត្រូវបានគេនិយាយថាបានដកខ្លួនចេញពីប៉ុស្តិ៍ដែលមានទីតាំងនៅចន្លោះទីប្រជុំជន Theinni និង Lashio នៅពេលដែលក្រុមឧទ្ទាម TNLA វាយប្រហារនៅយប់ថ្ងៃទី ៣១ ខែតុលា។
សម្ព័ន្ធភាតរភាពនៅថ្ងៃដដែលបានអំពាវនាវឱ្យអង្គភាពយោធាមីយ៉ាន់ម៉ានៅភាគខាងជើងដកខ្លួនចេញពីបន្ទាយរបស់ពួកគេហើយបានប្រកាសថាកងកម្លាំងឧទ្ទាមនឹងបន្តកំណត់គោលដៅមូលដ្ឋានយោធា។សេចក្តីថ្លែងការណ៍បានបន្ថែមថា ទាហានដែលចុះចាញ់នឹងត្រូវបានធានាសុវត្ថិភាព ការថែទាំវេជ្ជសាស្រ្តនិងការគាំទ្រការបង្រួបបង្រួមគ្រួសារ។ក្នុងអំឡុងពេល៥ថ្ងៃនៃការប្រយុទ្ធគ្នាសម្ព័ន្ធភាពបានអះអាងថាបានដណ្តើមយកមូលដ្ឋានទ័ពចំនួន៩០ដោយគ្រប់គ្រងទីក្រុងយុទ្ធសាស្ត្រមួយចំនួននៅក្នុងរដ្ឋ Kachin រដ្ឋ Shan ភាគខាងជើង និងតំបន់ Mandalay ខាងលើ។
កងទ័ពមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃទី២ខែវិច្ឆិកាថា ខ្លួនបានបាត់បង់ការគ្រប់គ្រងទីក្រុង Chinshwehaw ជាយុទ្ធសាស្ត្រ ជាប់ព្រំដែនខេត្តយូណានរបស់ប្រទេសចិនបន្ទាប់ពីមានការប៉ះទង្គិចជាច្រើនថ្ងៃជាមួយពួកឧទ្ទាម។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin “បានអំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ និងបញ្ឈប់ការប្រយុទ្ធគ្នា”។រដ្ឋ Shan ត្រូវបានគេរំពឹងថានឹងក្លាយជាទីតាំងនៃផ្លូវរថភ្លើងតម្លៃរាប់ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន។ ជាងមួយភាគបួននៃពាណិជ្ជកម្មព្រំដែន ១.៨ពាន់លានដុល្លាររបស់មីយ៉ាន់ម៉ាជាមួយប្រទេសចិនឆ្លងកាត់ទីក្រុង Chinshwehaw ចាប់ពីខែមេសាដល់ខែកញ្ញា៕ប្រភពIrrawaddy
