រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ានិងអាស៊ី
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថារដ្ឋមន្ត្រីការបរទេសលោក Antony Blinken នឹងមានដំណើរទៅក្រៅប្រទេសចាប់ពីថ្ងៃទី២-១០ខែវិច្ឆិកា ក្នុងអំឡុងពេលដែលលោកត្រូវបានគេរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ហ្ស៊កដានី ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា។

RIA Novosti បានរាយការណ៍ថាចំណតទី១ក្នុងដំណើររបស់លោក Blinken នឹងក្លាយជាទីក្រុង TelAvivជាកន្លែងដែលលោកគ្រោងនឹង “ប្តេជ្ញាគាំទ្រសហរដ្ឋអាមេរិកចំពោះសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលក្រោមច្បាប់មនុស្សធម៌អន្តរជាតិ”។លើសពីនេះលោកត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែលវិធានការដើម្បីដោះលែងចំណាប់ខ្មាំងដែលកាន់កាប់ដោយក្រុមហាម៉ាស់ក៏ដូចជារបៀបដែលភាគីអាចការពារជម្លោះកុំឱ្យកើនឡើង។បន្ទាប់មករដ្ឋមន្ត្រីការបរទេសអាមេរិកនឹងធ្វើទស្សនកិច្ចនៅរដ្ឋធានី Amman របស់ប្រទេសហ្ស៊កដានីជាកន្លែងដែលលោកគ្រោងនឹងពិភាក្សាអំពី “យន្តការសង្គ្រោះបន្ទាន់ដើម្បីបញ្ចប់អំពើហិង្សា” នៅតំបន់ហ្គាហ្សា និងវិធានការកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។នៅទីក្រុងតូក្យូ សេអ៊ូល និងញូវដេលីប្រមុខការទូតអាមេរិកត្រូវបានគេរំពឹងថានឹងលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីរក្សាភាពបើកចំហនិងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។លោកក៏មានគម្រោងចូលរួមក្នុងកិច្ចប្រជុំលើកទី២នៃរដ្ឋមន្ត្រីការបរទេសនៃប្រទេសG7ផងដែរ។ដោយផ្អែកលើលទ្ធផលនៃកិច្ចប្រជុំកំពូលដែលបានធ្វើឡើងពីមុននៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ទន្ទឹមនឹងនេះ នៅទីក្រុងNewDelhiរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងចូលរួមកិច្ចប្រជុំរវាងប្រមុខក្រសួងការបរទេសឥណ្ឌា និងក្រសួងការពារជាតិឥណ្ឌាក្នុងទម្រង់ “២+២” ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។ ភាគីនានាត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីបញ្ហាទាំងនៅលើរបៀបវារៈទ្វេភាគីនិងបញ្ហាទូលំទូលាយជាច្រើនដែលប៉ះពាល់ដល់ការអភិវឌ្ឍន៍នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕
