តើរុស្ស៊ីបានយកលុយពីការលក់ផ្ទះលោកZelenskyនៅគ្រីមៀធ្វើអ្វី?
ប្រាក់ចំណូលទាំងអស់ដែលបានមកពីការដេញថ្លៃផ្ទះល្វែងរបស់ប្រធានាធិបតីអ៊ុយក្រែនVolodymyrZelenskyនៅគ្រីមៀនឹងត្រូវផ្ទេរទៅឱ្យយោធារុស្ស៊ីសម្រាប់ប្រើប្រាស់។យោងតាមទីភ្នាក់ងារសារព័ត៌មានTass នេះគឺជាសេចក្តីថ្លែងការណ៍របស់លោក Vladimir Konstantinov ប្រធានសភានីតិបញ្ញត្តិនៅឧបទ្វីបគ្រីមៀដែលត្រូវបានតែងតាំងដោយប្រទេសរុស្ស៊ី។អាផាតមិនរបស់លោកZelenskyត្រូវបានរុស្សីធ្វើជាតូបនីយកម្មក្នុងខែមីនា។ តម្លៃចាប់ផ្តើមរបស់អាផាតមិនគឺ២៤លានរូប្លិ៍ (២៦០,៥៨០ ដុល្លារ)។ ប៉ុន្តែក្រោយមកត្រូវបានលក់ក្នុងតម្លៃរហូតដល់៤៤,៣លានរូប្លិ៍ (៤៨១,០០០ ដុល្លារ)។“លុយនេះគឺល្អសម្រាប់ថវិការបស់គ្រីមៀ។ លោក Konstantinovបាននិយាយថាយើងនឹងប្រើប្រាស់វាដើម្បីគាំទ្រអ្នកដែលចូលរួមក្នុង SMO (ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន) ក៏ដូចជាក្រុមគ្រួសាររបស់អ្នកដែលត្រូវបានសម្លាប់នៅជួរមុខ។

តាមលោក Konstantinov ប្រាក់ចំណូលនេះក៏អាចយកទៅទិញសម្ភារសម្រាប់កងទ័ពរុស្ស៊ីផងដែរ។អាផាតមិនទំហំ១១៩.៥ម៉ែត្រការ៉េរបស់លោកប្រធានាធិបតី Zelensky មានទីតាំងនៅជាន់ទី៥នៃអគារមួយក្នុងទីក្រុងYalta នៅលើឧបទ្វីបគ្រីមៀជាមួយនឹងទិដ្ឋភាពនៃសមុទ្រខ្មៅនិងវិមាន Livadia ដ៏ល្បីល្បាញ។ម្ចាស់ថ្មីនៃអាផាតមិន Olga Lipovetskaya បាននិយាយថានាងបានទិញវាដើម្បីឱ្យកូនៗរបស់នាងអាចរស់នៅក្នុងអាកាសធាតុក្តៅ។អាផាតមិននេះត្រូវបានទិញដំបូងដោយភរិយារបស់ប្រធានាធិបតី Zelensky គឺ Elena ក្នុងខែមេសាឆ្នាំ២០១៣ នៅពេលដែលឧបទ្វីប គ្រីមៀមិនទាន់បានបញ្ចូលគ្នាជាមួយប្រទេសរុស្ស៊ីនៅឡើយ។
ក្រៅពីលោក Zelensky ទ្រព្យសម្បត្តិរបស់ពាណិជ្ជករអ៊ុយក្រែនជាច្រើននាក់នៅគ្រីមៀ ក៏ត្រូវបានរុស្ស៊ីធ្វើជាតូបនីយកម្មដែរ៕ដោយ៖ឌុំ រ៉ាវ៉ុន
