យោធភូមិភាគទី៧នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា
រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង (Nguyen Truong Thang) មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោកឧត្តមសេនីយ៍ទោង្វៀនជឿងថាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ ពិសេស រវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងកងទ័ពជើងគោកកម្ពុជាព្រមទាំងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមនិងបណ្តាអង្គភាពកងទ័ពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកឧត្តមសេនីយ៍ទោ ក៏បានគោរពជម្រាបជូន សម្តេចបវរធិបតីផងដែរថា ក្នុងដំណើរទស្សនកិច្ចនាពេលនេះ ក៏ដើម្បីជូនពរដល់អង្គភាពនៃកងយុទ្ធពលខេមរភូមិន្ទកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
ជាការឆ្លើយតប,សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រពៃណី និងជាមិត្តភាព នៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ថា ប្រពៃណីនៃការសាកសួរសុខទុក្ខនិងជូនពរគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ ជាសកម្មភាពដ៏ល្អប្រពៃមួយ។ សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមជាពិសេសកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ និងការហ្វឹកហ្វឺនដល់កងទ័ពកម្ពុជានាពេលកន្លងមក។ សម្តេចបវរធិបតីក៏បានលើកទឹកចិត្តដល់យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកនិងបណ្តាអង្គភាពកងទ័ពចំណុះកងទ័ពជើងគោកកម្ពុជា៕
