អាមេរិកទុកពេល២ខែដើម្បីសម្រេចកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
នៅក្នុងលិខិតផ្ញើជូនមេដឹកនាំកំពូលលោកAli Khamenei លោកប្រធានាធិបតីTrumpបានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកបានផ្តល់ពេលវេលាដល់ប្រទេសអ៊ីរ៉ង់ត្រឹមតែ២ខែប៉ុណ្ណោះដើម្បីឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ។
CNNរាយការណ៍កាលពីថ្ងៃទី១៩ខែមីនាថាប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកថ្មីៗនេះបានរាយការណ៍អំពីខ្លឹមសារនៃលិខិតដែលប្រធានាធិបតីDonaldTrumpផ្ញើទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei ។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក Brian Hughes បានប្រាប់ CNNថា “ប្រធានាធិបតី Trumpបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ AyatollahKhameneiថាទីក្រុងវ៉ាស៊ីនតោនចង់ដោះស្រាយបញ្ហានុយក្លេអ៊ែរដោយការទូត។មន្ត្រីអាមេរិកបានបង្ហើបថា លិខិតរបស់លោក Trump ត្រូវបានផ្ញើដោយបេសកជនពិសេសមជ្ឈិមបូព៌ាលោក Steve Witkoff តាមរយៈអន្តរការីរបស់ប្រធានាធិបតីអារ៉ាប់រួម លោក Mohamed bin Zayed Al Nahyan កាលពីដើមខែមីនា ហើយភាគី UAE បានបញ្ជូនបន្តទៅមន្ត្រីអ៊ីរ៉ង់។យោងតាមប្រភពពីសេតវិមាន លោកប្រធានាធិបតីTrumpក៏បានពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin។”លោកTrumpនិងលោកPutinបានពិភាក្សាគ្នាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីនៅមជ្ឈិមបូព៌ា ដើម្បីការពារហានិភ័យនៃជម្លោះនាពេលអនាគត។មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីតម្រូវការក្នុងការទប់ស្កាត់ការរីកសាយភាយនៃអាវុធយុទ្ធសាស្ត្រហើយនឹងធ្វើការជាមួយអ្នកដទៃដើម្បីធានាថានេះត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ” ។

កាលពីដើមខែមីនា លោកប្រធានាធិបតី Trump បាននិយាយថាមានវិធីពីរយ៉ាងក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនថាដោយមធ្យោបាយយោធាឬការទូត។លោក Trump បាននិយាយថា”ខ្ញុំចង់ធ្វើកិច្ចព្រមព្រៀងខ្ញុំមិនចង់ធ្វើឱ្យអ៊ីរ៉ង់ឈឺចាប់ទេ។ ប្រសិនបើពួកគេមិនចង់ចរចាយើងត្រូវធ្វើអ្វីផ្សេងព្រោះទីក្រុងតេអេរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ” ។ខាងអ៊ីរ៉ង់ មេដឹកនាំ Ayatollah Ali Khamenei ហាក់ដូចជាមិនសូវសាទរចំពោះសំណើររបស់អាមេរិក ដោយនិយាយថា នេះគ្រាន់តែជា“ទ្វារ” សម្រាប់រដ្ឋបាលក្រុងវ៉ាស៊ីនតោន ដើម្បីដាក់ការទាមទារថ្មីនិងកំណត់សមត្ថភាពយោធារបស់ទីក្រុងតេអេរ៉ង់៕ឌុំសាវ៉ុន
