ICCផ្តល់ហេតុផលសម្រាប់ការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនDuterte
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)បានបញ្ជាក់ថាដីកាចាប់ខ្លួនដែលចេញដោយទីភ្នាក់ងារនេះសម្រាប់អតីតប្រធានាធិបតីហ្វីលីពីនRodrigo Duterte គឺ”ចាំបាច់”។
កាសែត Philstar បានដកស្រង់ដីកាចាប់ខ្លួន១៥ទំព័ររបស់លោក Duterte ពីICCដោយនិយាយថាតុលាការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេប្រទេសហូឡង់មិនឃើញ”លទ្ធភាពណាមួយដែលអតីតប្រធានាធិបតីហ្វីលីពីន Duterte នឹងសហការតាមការកោះហៅឱ្យចូលខ្លួនក្នុងតុលាការ” ។

អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។ រូបថត៖ Rodrigo Duterte/ Facebook
អង្គជំនុំជម្រះសាលាដំបូងយល់ឃើញថា លោក Duterte ទោះបីជាលែងជាប្រធានាធិបតីហ្វីលីពីនក៏ដោយក៏ហាក់ដូចជានៅតែកាន់អំណាចដ៏សំខាន់…ដោយទទួលស្គាល់ហានិភ័យនៃការជ្រៀតជ្រែកក្នុងការស៊ើបអង្កេតនិងសុវត្ថិភាពសាក្សី និងជនរងគ្រោះជាច្រើន យើងជឿថា ការចាប់ខ្លួនលោក Duterte គឺចាំបាច់ស្របតាមមាត្រា៥៨ (1)(b)(i) នៃលក្ខន្តិកៈទីក្រុងរ៉ូម។លក្ខន្តិកៈទីក្រុងរ៉ូមត្រូវបានចុះហត្ថលេខា និងប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៨ដោយបញ្ជាក់ពីយុត្តាធិការរបស់ICC លើឧក្រិដ្ឋកម្មមួយចំនួនដូចជា អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិឧក្រិដ្ឋកម្មសង្គ្រាម។ល។
នៅក្នុងការិវឌ្ឍន៍ពាក់ព័ន្ធ សាច់ញាតិអនាមិករបស់លោក Duterte បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាអតីតប្រធានាធិបតីហ្វីលីពីន នឹងត្រូវនាំទៅកាន់ទីក្រុងឡាអេប្រទេសហូឡង់តាមជើងយន្តហោះនៅយប់នេះ (១១ មីនា)។ បុគ្គលនេះបានចោទប្រកាន់ការចាប់ខ្លួនលោក Duterte ក្រោមការបញ្ជារបស់ ICC ថាជាអំពើខុសច្បាប់។
យោងតាមPhilstar អតីតប្រធានាធិបតី Duterte ត្រូវបានប៉ូលីសចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី១១ ខែមីនា ក្រោមបញ្ជារបស់ ICC។ តុលាការអន្តរជាតិបានចោទប្រកាន់លោក Duterte ពេលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនថា បានបើកសង្រ្គាមប្រឆាំងក្រុមឧក្រិដ្ឋជនគ្រឿងញៀននិងអំពើហិង្សាដើម្បីបង្ក្រាបឧក្រិដ្ឋកម្មដោយកងកម្លាំងសន្តិសុខហ្វីលីពីនជាច្រើននៅពេលនោះ ដែលបានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់៕ឌុំសាវ៉ុន
