ប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk-yeolត្រូវបានដោះលែង
ប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk-yeolត្រូវបានដោះលែង បន្ទាប់ពីតុលាការក្រុងសេអ៊ូលបានអនុម័តសំណើសុំលុបចោលដីកាចាប់ខ្លួនលោក។ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានស្វាគមន៍ភ្លាមៗចំពោះការសម្រេចចិត្តរបស់តុលាការ ហើយប្រធានបុគ្គលិក Chung Jin-suk បានដឹកនាំកិច្ចប្រជុំជាមួយជំនួយការជាន់ខ្ពស់។
យោងតាម Yonhap ប្រធានាធិបតី Yoon Suk-yeol ត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំខ្លួន Seoul ក្នុង Uiwang, Gyeonggi ចាប់តាំងពីថ្ងៃទី១៥ខែមករាជុំវិញរឿងអាស្រូវនៃការដាក់ច្បាប់អាជ្ញាសឹកក្នុងរយៈពេលខ្លីក្នុងខែធ្នូ ឆ្នាំ ២០២៤។ក្រុមអ្នកស៊ើបអង្កេតបានចោទប្រកាន់លោក Yoon ពីបទញុះញង់ឱ្យមានការបះបោរតាមរយៈការប្រកាសច្បាប់អាជ្ញាសឹក។ ប្រសិនបើត្រូវបានកាត់ទោស លោក Yoon ប្រឈមនឹងទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត។

កាលពីថ្ងៃទី៤ ខែកុម្ភៈ មេដឹកនាំរូបនេះបានដាក់ញត្តិនៅតុលាការដើម្បីបដិសេធនូវអ្វីដែលមេធាវីរបស់លោកបានអះអាងថាជា «ការចាប់ខ្លួនខុសច្បាប់»។ នៅថ្ងៃទី២០ ខែកុម្ភៈតុលាការបានចាប់ផ្តើមពិចារណាលើញត្តិ។
កាលពីខែធ្នូឆ្នាំមុនសមាជិកសភាកូរ៉េខាងត្បូងបានចោទប្រកាន់ប្រធានាធិបតីYoonហើយបានស្នើឱ្យតុលាការធម្មនុញ្ញសម្រេចថាតើត្រូវបញ្ចប់តំណែងប្រធានាធិបតីរបស់លោក ឬដាក់ឱ្យលោកចូលកាន់តំណែងឡើងវិញ។ ប្រសិនបើតុលាការធម្មនុញ្ញលើកករណីនេះ លោក Yoon នឹងត្រូវដកចេញពីតំណែងហើយការបោះឆ្នោតនឹងធ្វើឡើងដើម្បីជ្រើសរើសអ្នកស្នងតំណែងរបស់លោកក្នុងរយៈពេល២ខែ៕ឌុំសាវ៉ុន
