កម្ពុជាប្ដេជ្ញាធ្វើពាណិជ្ជកម្មដោយស្មើភាពនិងតម្លាភាពចូលទៅកាន់ទីផ្សារអាស៊ាន
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ក្រោមប្រធានបទ «ការពន្លឿនការតភ្ជាប់អាស៊ាន៖មនុស្ស ហេដ្ឋារចនាសម្ព័ន្ធនិងពាណិជ្ជកម្ម»សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថាកម្ពុជាប្ដេជ្ញាចិត្តចំពោះការធ្វើពាណិជ្ជកម្មដោយស្មើភាពនិងតម្លាភាពដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ានក៏ដូចជា ទីផ្សារសេដ្ឋកិច្ចពិភពលោកសំខាន់ៗ រួមមាន សហភាពអឺរ៉ុប, សហរដ្ឋអាម៉េរិក, ចិន, កូរ៉េ និង អាមីរ៉ាតអារ៉ាប់រួម ប្រកបដោយការអនុគ្រោះ ។សម្ដេចមហាបវរធិបតីមានប្រសាសន៍ថា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO), កម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាពនិងតម្លាភាព។កម្ពុជាផ្តោតលើការសម្រេចបាននូវសហគមន៍សេដ្ឋកិច្ច ប្រកបដោយជវភាព និងសមាហរណកម្ម តាមរយៈ សេរីភាវូបនីយកម្មពាណិជ្ជកម្មដ៏រឹងមាំ និងកិច្ចសម្រួលពាណិជ្ជកម្ម ។

សម្តេចធិបតីបានបញ្ជាក់ថាក្នុងភាពជា-ដៃគូជិតស្និទ្ធជាមួយប្រទេសជិតខាងអាស៊ានកម្ពុជាបាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្មសម្រួលនីតិវិធីគយសម្រួលនីតិវិធីចុះបញ្ជីអាជីវកម្មនិងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព។ក្នុងនោះផ្តោតលើការបើកចំហទីផ្សារតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាយុទ្ធសាស្ត្រដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជា ទីផ្សារសេដ្ឋកិច្ចពិភពលោកសំខាន់ៗ រួមមាន សហភាពអឺរ៉ុប, សហរដ្ឋអាមេរិក, ចិន, កូរ៉េ និង អាមីរ៉ាតអារ៉ាប់រួម ប្រកបដោយការអនុគ្រោះ ។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជាក៏បាននិងកំពុងរៀបចំយ៉ាងសកម្ម នូវកិច្ចប្រជុំកំពូលធុរកិច្ច ដូចព្រឹត្តិការណ៍ក្នុងថ្ងៃនេះ ដើម្បីផ្តល់ឱកាសសហការដ៏មានតម្លៃ ។ អភិក្រម ប្រកបដោយជវភាពនេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់យើង លើការពង្រឹងទំនាក់ទំនងក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅនិងបង្កើតប្រព័ន្ធអេកូឡូស៊ីធុរកិច្ច ប្រកបដោយភាពប្រទាក់ក្រឡា និងភាពគ្រប់ជ្រុងជ្រោយ ។ នៅក្នុងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា, យើងផ្តល់តម្លៃខ្ពស់ ចំពោះថាមពលនៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិនិយោគិន ទាំងក្នុងស្រុក និងក្រៅស្រុក ។យើងផ្តល់អាទិភាពដល់កិច្ចសន្ទនាបើកចំហ និងការជំរុញបរិយាកាសឆ្លើយតប ប្រកបដោយជវភាព ដោយរៀបចំជាទៀងទាត់នូវ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហា និងកង្វល់ចម្បងៗរបស់វិស័យឯកជន ។សម្ដេចមហាបវរបានបញ្ជាក់ថាក្នុងឆ្នាំ២០២៤កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំវិនិយោគប្រហែល ៦,៩ ពាន់លានដុល្លារអាម៉េរិក ដែលបានកើនឡើង ៤០ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ។ សមិទ្ធផលពាណិជ្ជកម្មអន្តរជាតិ គឺជាការគូសបញ្ជាក់បន្ថែម ពីកម្លាំងនៃទីផ្សារ និងប្រសិទ្ធភាពនៃគោលនយោបាយរបស់យើង ។ ជាក់ស្តែង, ទំហំពាណិជ្ជកម្មអន្តរជាតិ បានកើនឡើងជាង ១៦ភាគរយ ពី ៤៦,៨២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ ដល់ ៥៤,៧៤ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤។សូមជម្រាបជូនថាកិច្ចប្រជុំកំពូលក្នុង ដែលមានការចូលរួម ពីបណ្តាលក្រុមហ៊ុនជាតិ និងអន្តរជាតិ សរុប ៣១៥ ក្រុមហ៊ុន និងធុរជនជាង ៥០០នាក់ បានប្រារព្វធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ៕ប្រភពSTPM
