ទីក្រុងបាត់ដំបងត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបណ្តាញទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហារ
អបអរសាទរ!ទីក្រុងបាត់ដំបងស្ថិតក្នុងចំណោមទីក្រុងចំនួន៥៥ត្រូវបានជ្រើសរើសដោយអគ្គនាយកអង្គការយូណេស្កូ លោក អូដ្រេយ អាហ្ស៊ូលេយ (AudreyAzoulay)ដើម្បីចូលរួមជាមួយបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) ផ្នែកវិស័យម្ហូបអាហារ នៅក្នុងទិវាទីក្រុងពិភពលោក ដែលត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ទីក្រុងថ្មីទាំងនោះត្រូវបានទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេក្នុងការទាញយកវប្បធម៌និងភាពច្នៃប្រឌិតជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួននិងការបង្ហាញនូវការអនុវត្តប្រកបដោយភាពច្នៃប្រឌិតក្នុងការរៀបចំផែនការទីក្រុងដែលផ្តោតទៅលើប្រជាជន។ជាមួយនឹងការបន្ថែមទីក្រុងចំនួន៥៥ចុងក្រោយនេះបណ្តាញUCCNមានសមាជិកទីក្រុងច្នៃប្រឌិតចំនួន៣៥០ មកពីជាង ១០០ប្រទេស ដែលតំណាងឱ្យវិស័យច្នៃប្រឌិតចំនួន៧ ដែលរួមមានវិស័យសិប្បកម្ម និងសិល្បៈប្រជាប្រិយ ការរចនា ភាពយន្ត ម្ហូបអាហារ អក្សរសាស្ត្រ សិល្បៈប្រព័ន្ធផ្សព្វផ្សាយ និងតន្ត្រី។ទីក្រុងដែលត្រូវបានដាក់បញ្ចូលថ្មីទាំងនោះ នឹងត្រូវសហការជាមួយសមាជិកបណ្តាញដើម្បីពង្រឹងភាពធន់របស់ពួកគេចំពោះការប្រឈមមុខនឹងការគំរាមកំហែងដែលកំពុងវិវឌ្ឍន៍ ដូចជាការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃវិសមភាព ក៏ដូចជាការនគរូបនីយកម្មឆាប់រហ័សដោយ៦៨%នៃចំនួនប្រជាជនសរុបរបស់ពិភពលោកត្រូវបានព្យាករណ៍ថានឹងរស់នៅក្នុងតំបន់ទីក្រុងនៅត្រឹមឆ្នាំ២០៥០។លោក អូដ្រេយ អាហ្ស៊ូលេយ អគ្គនាយកអង្គការយូណេស្កូ បាននិយាយថា បណ្តាទីក្រុងនៅក្នុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់យើង កំពុងឈានមុខគេនៅពេលដែលនិយាយអំពីការបង្កើនលទ្ធភាពទទួលបានវប្បធម៌និងការពង្រឹងថាមពលនៃភាពច្នៃប្រឌិតសម្រាប់ភាពធន់ និងការអភិវឌ្ឍទីក្រុង»។
ឯកសារគោលនយោបាយនាពេលខាងមុខស្តីពី «តម្លៃបន្ថែមនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូនៅកម្រិតក្នុងស្រុកជាតិនិងអន្តរជាតិ»នឹងផ្តល់សក្ខីកម្មដល់តួនាទីឈានមុខគេដែលអនុវត្តដោយបណ្តាទីក្រុងទាំងនោះឆ្ពោះទៅរកការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ខណៈដែលបង្ហាញអំពីវិធីដែលអង្គការយូណេស្កូគាំទ្រដល់ទីក្រុងសមាជិកនៃបណ្តាញ UCCN តាមរយៈការជំរុញកិច្ចសន្ទនា ការរៀនសូត្រពីមិត្តភ័ក្តិ និងកិច្ចសហការ។សូមជម្រាបជូនថាទីក្រុងច្នៃប្រឌិតដែលត្រូវបានកំណត់ថ្មីទាំងនោះត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និសីទប្រចាំឆ្នាំនៃបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការណូណេស្កូ ឆ្នាំ២០២៤ (UCCN 2024) ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១-៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ នៅក្នុងទីក្រុងប្រាក នៃប្រទេសព័រទុយហ្គាល់ក្រោមប្រធានបទ «នាំយុវជនមកកាន់តុសម្រាប់ទសវត្សរ៍ក្រោយ»៕ប្រភពAKP
