សម្តេចធិបតី៖វិស័យទេសចរណ៍នៅតែជាជាវិស័យអាទិភាពសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានៅតែចាត់ទុកវិស័យទេសចរណ៍ថាជាវិស័យអាទិភាពដែលវាបាននិងកំពុងដើរតួយ៉ាងសំខាន់នៅក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិជាមួយនឹងការបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អបានក្លាយជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ឱកាសវិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញនៅតំបន់អាស៊ី ជាពិសេសធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់នារយៈពេល៣០ឆ្នាំចុងក្រោយនេះ។

ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ (OCIC) នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។សម្តេចធិបតីបានថ្លែងបញ្ជាក់ថា កម្ពុជាធ្លាប់បានឆ្លងកាត់នៃការអភិវឌ្ឍវែងឆ្ងាយនិងមានភាពបត់បែនជាច្រើនហើយបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយទៅជាវិស័យសេដ្ឋកិច្ចសំខាន់និងឈានចាប់យកកាលានុវត្តភាពថ្មីទៀតប្រកបដោយចីរភាពនិងការទទួលខុសត្រូវក្នុងនោះបើទោះបីក្នុងស្ថានភាពដែលភូមិសាស្ត្រនយោបាយសកលមានភាពស្មុគស្មាញតម្រូវឱ្យយើងត្រូវខិតខំពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀតនៅក្នុងការដោះស្រាយបញ្ហាចំពោះមុខជាប្រចាំ។សម្តេចធិបតីបានគូសបញ្ជាក់ថា ក្នុងទិសដៅនេះសម្តេចសូមលើកទឹកចិត្ត និងផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជាមូលដ្ឋានបន្ថែមក្នុងការជំរុញល្បឿននៃការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា និងសកលលោក ដែលក្នុងនោះគឺការរក្សាឱ្យខាងតែបាននូវសុខសន្តិភាព ព្រោះបើ គ្មានសុខសន្តិភាពទេនោះគឺគ្មានការអភិវឌ្ឍ ហើយក៏គ្មានផងដែរនូវអ្វីដែលហៅថាទេសចរណ៍។ ក្នុងន័យនេះក្នុងនាមរាជរដ្ឋាភិបាលសម្តេចធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញនូវពាក្យស្លោកថ្មី «ទេសចរណ៍ រីកលូតលាស់ក្នុងសន្តិភាព» បន្ថែមលើពាក្យស្លោកដែលរាជរដ្ឋាភិបាលចាស់បានដាក់ចេញគឺ «ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍»។ក្នុងឱកាសនោះសម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការគាំទ្រចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលថាប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់និងសូមអំពាវនាវឱ្យមានការចូលរួមក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជាឱ្យមានភាពសកម្មនិងផុសផុលនៅគ្រប់រូបភាពដែលនេះគឺជាកិច្ចការសំខាន់និងសូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋរួមជាមួយរាជរដ្ឋាភិបាលនិងគ្រប់វិស័យទាំងអស់ដែលបានធ្វើការផ្សព្វផ្សាយនូវចំណុចល្អៗទាក់ទងទៅនឹងវិស័យទេសចរណ៍នៅកម្ពុជា។ជាការកត់សម្គាល់ នៅឆ្នាំ២០២៤ កម្ពុជាទទួលទេសចរអន្តរជាតិជាង ៦,៧០លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ទេសចរផ្ទៃក្នុងចំនួន ២៦,៥លាននាក់ ក្នុងនោះទេសចរជាតិជាង ២២,៥លាននាក់ និងទេសចរបរទេសជិត ៤លាននាក់ កើនឡើងជាង ៥៤ភាគរយ និងទេសចរជាតិចេញក្រៅជិត ១,៨៥លាននាក់ កើនឡើង ១,៤ភាគរយធៀបឆ្នាំ២០២៣និងទទួលប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ៣,៦ពាន់លានដុល្លារ៕ប្រភពSTPM
