លោកWang Yi៖ប្រទេសចិននឹង’លេងដល់ទីបញ្ចប់’ជាមួយអាមេរិក
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយថា ទីក្រុងប៉េកាំងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាព”សម្លុត” ឯកតោភាគី។
យោងតាមសារព័ត៌មានReutersនិងទូរទស្សន៍កណ្តាលចិន (CCTV) នៅឯសន្និសីទសន្តិសុខទីក្រុង Munich នៅប្រទេសអាឡឺម៉ង់កាលពីថ្ងៃទី១៤ខែកុម្ភៈរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានព្រមានថាប្រទេសចិននឹង”លេងដល់ទីបញ្ចប់” ប្រសិនបើសហរដ្ឋអាមេរិកប្តេជ្ញាចិត្តក្នុងការគាបសង្កត់ប្រទេសនេះ ទោះបីជាទីក្រុងប៉េកាំងមិនចង់មានជម្លោះជាមួយទីក្រុងវ៉ាស៊ីនតោនក៏ដោយ។លោក Wang បាននិយាយថា ប្រទេសចិននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាព”សម្លុត” ជាឯកតោភាគី។ប៉ុន្តែសង្ឃឹមថាសហរដ្ឋអាមេរិកអាចសហការជាមួយចិន។កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដំឡើងពន្ធបន្ថែម១០%លើទំនិញទាំងអស់ដែលនាំចូលពីប្រទេសចិនបើទោះបីជាប៉ុន្មានសប្តាហ៍មុននេះមានអ្វីដែលគាត់បានពិពណ៌នាថាជាការហៅទូរស័ព្ទ “ល្អ” ជាមួយប្រធានាធិបតីចិន Xi Jinping ។បន្ទាប់មកប្រទេសចិនបានសងសឹកដោយការដាក់ពន្ធ១៥% លើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ (LNG) របស់សហរដ្ឋអាមេរិក និងពន្ធ១០% លើប្រេងឆៅ ឧបករណ៍កសិកម្ម និងរថយន្តនាំចូលមួយចំនួន ដែលនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីសង្រ្គាមពាណិជ្ជកម្មដ៏ធំរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ចូលរួមសន្និសីទសន្តិសុខទីក្រុង Munich (MSC) នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ។រូបថត REUTERS
នៅប៉ុន្មានសប្តាហ៍មុនពេលលោកTrumpស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ខែមករា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានប្រកាសពីការរឹតបន្តឹងបន្ថែមទៀតលើបច្ចេកវិទ្យាទំនើបដែលអាចលក់ទៅឱ្យប្រទេសចិនក្នុងគោលបំណងរារាំងក្រុមហ៊ុនចិនពីការអភិវឌ្ឍន៍បន្ទះឈីបបច្ចេកវិទ្យាខ្ពស់ដែលអាចប្រើប្រាស់សម្រាប់កម្មវិធីយោធារបស់ទីក្រុងប៉េកាំង។ទីក្រុងប៉េកាំងនិយាយថាការរឹតបន្តឹងបែបនេះគឺជាផ្នែកមួយនៃផែនការរយៈពេលវែងដើម្បីទប់ស្កាត់ភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន។នៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich លោក Wang បាននិយាយថាប្រទេសចិនបានអភិវឌ្ឍនិងរីកចម្រើនខ្លាំងតាមរយៈការយកឈ្នះលើការលំបាកនិងឧបសគ្គជាច្រើនហើយទីក្រុងប៉េកាំងនឹងមិនភ័យខ្លាចឡើយ៕
