អាមេរិកគ្រោងដកទ័ពទាំងអស់ចេញពីស៊ីរីតាមការយល់ឃើញរបស់លោកTrump
មន្ទីរបញ្ចកោណកំពុងរៀបចំផែនការដកទ័ពចេញពីប្រទេសស៊ីរីបន្ទាប់ពីប្រធានាធិបតី Trump បាននិយាយថាវត្តមានទាហានអាមេរិកនៅទីនោះ “មិននាំមកនូវផលប្រយោជន៍អ្វីឡើយ”។សារព័ត៌មាន NBC កាលពីថ្ងៃទី៥ ខែកុម្ភៈបានដកស្រង់ប្រភពពីមន្ទីរបញ្ចកោណ ដែលលាតត្រដាងថា មន្ត្រីការពារជាតិអាមេរិកកំពុងរៀបចំផែនការដកទ័ពទាំងអស់ចេញពីប្រទេសស៊ីរី តាមការយល់ឃើញរបស់ប្រធានាធិបតីDonald Trump។
NBCបាននិយាយថា”ក្រសួងការពារជាតិសហរដ្ឋអាមេរិកកំពុងរៀបចំផែនការដកទ័ពដោយមានពេលវេលាកំណត់៣០,៦០ឬ៩០ថ្ងៃ” ។
យោងតាមប្រភព NBC ផងដែរ ទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz ថ្មីៗនេះបានជួបជាមួយមេបញ្ជាការជាន់ខ្ពស់នៃបញ្ជាការកណ្តាលអាមេរិក (CENTCOM)ដើម្បីជូនដំណឹងពួកគេអំពីផែនការនៅមជ្ឈិមបូព៌ា។កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Trump បាននិយាយអំពីបញ្ហានេះក្នុងអំឡុងពេលសន្និសីទកាសែតនៅសេតវិមាន។ នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានថាតើគាត់បានជូនដំណឹងដល់អ៊ីស្រាអែលអំពីផែនការរបស់លោកក្នុងការដកកងទ័ពចេញពីប្រទេសស៊ីរីដែរឬទេលោកTrumpបានឆ្លើយតបថា៖”ខ្ញុំមិនដឹងថាអ្នកណានិយាយរឿងនេះទេ។ប៉ុន្តែសហរដ្ឋអាមេរិកនឹងធ្វើការសម្រេចចិត្ត។

យើងនឹងមិនចូលរួមក្នុងបញ្ហាស៊ីរីគ្មានផលប្រយោជន៍អ្វីនោះទេ។ ស៊ីរីមានបញ្ហាគ្រប់គ្រាន់ពួកគេមិនត្រូវការយើងឱ្យជ្រៀតជ្រែកទៀតទេ”។យោងតាមរបាយការណ៍របស់មន្ទីរបញ្ចកោណនៅខែធ្នូ ឆ្នាំ២០២៤បានឱ្យដឹងថា បច្ចុប្បន្ននេះមានទាហានអាមេរិកប្រហែល ២,០០០នាក់ដែលកំពុងបំពេញកាតព្វកិច្ចនៅក្នុងប្រទេសស៊ីរីច្រើនជាងទ្វេដងនៃចំនួនដែលបានប្រកាសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។យោធាអាមេរិកត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសស៊ីរីក្នុងឆ្នាំ២០១៤ក្រោមលេសនៃការប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស(IS)ហើយបានរក្សាវត្តមាននៅក្នុងប្រទេសចាប់តាំងពីពេលនោះមក។នៅឆ្នាំ២០១៩ប្រធានាធិបតី Trump បានបញ្ជាឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis ដកកងទ័ពទាំងអស់ចេញពីប្រទេសស៊ីរី។ ទោះយ៉ាងណា លោក Mattis បានជំទាស់នឹងផែនការនេះ ហើយបានលាលែងពីតំណែង៕ឌុំសាវ៉ុន
