សម្តេចធិបតីអញ្ជើញចូលរួមពិនិត្យចង្វាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុនអិន ស៊ី អិច(NCX)
សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ អញ្ជើញចូលរួមពិនិត្យចង្វាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX)ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្រុមហ៊ុនបានប្រើប្រាស់បុគ្គលិកខ្មែរនៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ក្រុមហ៊ុនហុងដា យ៉ាងត្រឹមត្រូវ ព្រមទាំងមានកម្មវិធីបង្កើនជំនាញដល់បុគ្គលិក កម្មករ ស្របតាមបរិបទនៃការវិវឌ្ឍនៃបច្ចេកវិទ្យានិងសម័យកាលឌីជីថល។ ទន្ទឹមនឹងការផលិតគ្រឿងបំណែកម៉ូតូបម្រើឱ្យការដំឡើងក្នុងស្រុកក្រុមហ៊ុន ក៏បាននាំចេញគ្រឿងបំណែកមួយចំនួនទៅក្រៅប្រទេសផងដែរ ដូចជាទៅកាន់ប្រទេសថៃជាដើម។

បច្ចុប្បន្នក្រុមហ៊ុនដំឡើងម៉ូតូចំនួន៥ប្រភេទ រួមមាន៖ Click, Scoopy, Dream, Wave និង Beat។នៅមុនពេលជំងឺកូវីដ១៩រាតត្បាតក្រុមហ៊ុនដំឡើងម៉ូតូចែកចាយលើទីផ្សារប្រមាណ ៤០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ឆ្នាំ២០២៤ ក្រុមហ៊ុនដំឡើងចែកចាយប្រមាណ ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយក្នុងនោះរោងចក្រមានសមត្ថភាពដំឡើងត្រឹម៥០គ្រឿង ក្នុង១ថ្ងៃនៅក្នុងឆ្នាំ១៩៩៩និងបានបង្កើតសមត្ថភាពតំឡើងរហូតចាប់ពី៦៥០-១៥០០គ្រឿងក្នុងមួយថ្ងៃ។ជាមួយនឹងដំណើរការដំឡើង និងផលិតគ្រឿងបន្លាស់នេះ ក្រុមហ៊ុនបានផ្តល់ការងារដល់បុគ្គលិក និងកម្មករសរុបប្រមាណ ១,២២១នាក់ ដែលសុទ្ធសឹងជាពលរដ្ឋខ្មែរ មានបរទេសតែ៧នាក់ប៉ុណ្ណោះ។ បុគ្គលិកនិងកម្មករ ទទួលបានប្រាក់ឈ្នួលទាបបំផុតជិត៣០០ដុល្លារអាមេរិក ។ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឧស្សាហកម្មផលិត និងចែកចាយម៉ូតូ ដែលត្រូវបានចាប់ផ្តើមពីឆ្នាំ១៩៩២ ក្រុមហ៊ុន អិន ស៊ី អិច បាននាំចូលផលិតផលសម្រេចម៉ាកហុងដា (CBU) សម្រាប់ទីផ្សារកម្ពុជា។ជាមួយកំណើនយ៉ាងឆាប់រហ័សនៃតម្រូវការរបស់អតិថិជនប្រជាប្រិយភាពនិងសន្ទុះនៃការគាំទ្រក្រុមហ៊ុនបានបង្កើតខ្សែច្រវាក់ផលិតកម្មដំបូងរបស់ខ្លួននៅទីរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៩៩៕ប្រភពSTPM
