ប្រមុខការទូតប្តេជ្ញាពង្រឹងចំណងមិត្តភាពដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា-សហរដ្ឋអាមេរិក
លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការពង្រឹងចំណងមិត្តភាពដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ (កម្ពុជា-សហរដ្ឋអាមេរិក)។នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយថ្ងៃទី២៤ខែមករាឆ្នាំ២០២៥ដោយAKP។
លោកឧបនយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍ប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាមេរិកដែលសហការរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ កាលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅ សារមន្ទីរជាតិ ។ ការរៀបចំប្រារព្ធខួបទី៧៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនេះគឺបានឆ្លុះបញ្ចាំពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏យូរលង់រវាងកម្ពុជា និងសហរដ្ឋអាមេរិក។លោកប្រាក់ សុខុន បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាមួយ សហរដ្ឋអាមេរិក ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ព្រមទាំងមានក្តីសោមនស្សរីករាយចំពោះសន្ទុះវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីនាឆ្នាំកន្លងទៅនេះរាប់ចាប់ពីវិស័យពាណិជ្ជកម្មនិងការតភ្ជាប់រវាងប្រជាជន និងប្រជាជន រហូតដល់ការបន្តកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា។លោកឧបនាយរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ រួមមាន ការធ្វើមាតុភូមិនិវត្តន៍នៃសម្បត្តិវប្បធម៌ ដោយបានកត់សម្គាល់ថា “រតនសម្បត្តិទាំងនេះ ដែលត្រូវ បានយកពីទឹកដីរបស់យើងឥឡូវនេះបានឈរជានិមិត្តរូបដ៏មានឥទ្ធិពលនៃយុត្តិធម៌ការគោរពប្រវត្តិសាស្ត្រនិងការប្តេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិកចំពោះការអភិរក្សនិងការលើកតម្កើងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា”។លោកឧបនាយករដ្ឋមន្ត្រីក៏បានកោតសរសើរនូវ ភាពជាដៃគូក្នុងន័យនេះថាជា“គំរូដែលបង្ហាញតាមរយៈការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយជោគជ័យវត្ថុបុរាណរាប់ក្នុងការអភិរក្សតំបន់ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដូចជាតំបន់អង្គរ និងព្រះវិហារជាដើម។

ជាមួយគ្នានេះលើវិស័យកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគ រហូតដល់ការអប់រំ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះមីនការចូលរួមចំណែករបស់សហរដ្ឋអាមេរិកបានដើរតួយ៉ាងសំខាន់។ លើសពីនេះទៀត ការប្រារព្ធពិធីនេះឆ្លុះបញ្ចាំងឱ្យឃើញនូវចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ទៅវិញទៅមកលើវិស័យផ្សេងៗ តាមរយៈការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ៕
