ប្រធានាធិបតីYoon Suk-yeolផ្ញើសារជូនពរឆ្នាំថ្មីដល់ពលរដ្ឋចេញពីពន្ធនាគារ
ចេញពីពន្ធនាគារលោកប្រធានាធិបតីYoon Suk-yeol បានស្នើឱ្យក្រុមមេធាវីរបស់លោកផ្ញើសារជូនពរឆ្នាំថ្មីដល់ប្រជាជនកូរ៉េ។
យោងតាមកាសែតKorea Times កាលពីថ្ងៃទី២៤ខែមករា ក្រុមការងារផ្នែកច្បាប់របស់ប្រធានាធិបតីYoon Suk-yeol បានផ្ញើសារសួរសុខទុក្ខបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កូនក្តីរបស់ខ្លួនទៅកាន់ប្រជាជនកូរ៉េ។“ខ្ញុំសង្ឃឹមថាឆ្នាំនេះនឹងក្លាយជាឆ្នាំល្អជាងឆ្នាំមុន។ នៅពេលដែលបុណ្យចូលឆ្នាំថ្មីជិតមកដល់ខ្ញុំយល់ថាខ្លួនឯងគិតច្រើនអំពីប្រជាជនក្នុងប្រទេស។ខ្ញុំផ្ទាល់មានអារម្មណ៍សោកស្ដាយដែលមិនអាចនៅទីនោះសម្រាប់មនុស្សដែលខ្វះខាត។ខ្ញុំសង្ឃឹមថាអ្នកនឹងយកចិត្តទុកដាក់និងចែករំលែកជាមួយអ្នកជុំវិញខ្លួន។សូមជូនពរអ្នកគ្រប់គ្នាទទួលបានថ្ងៃសម្រាកដ៏កក់ក្តៅ និងសប្បាយរីករាយ”មេធាវី Yun Gap-geun បានចែករំលែកការជូនពររបស់លោកប្រធានាធិបតីYoon ។លោកប្រធានាធិបតី Yoon កំពុងត្រូវបានឃុំខ្លួននៅមជ្ឈមណ្ឌលឃុំឃាំងក្រុងសេអ៊ូល ក្នុងទីក្រុង Uiwang ភាគខាងត្បូងនៃទីក្រុងសេអ៊ូល។ លោកប្រឈមមុខនឹងការចោទប្រកាន់ពីបទបះបោរនិងរំលោភអំណាច ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី៣ខែធ្នូ ឆ្នាំ២០២៤។

ក្នុងសប្តាហ៍នេះ លោក Yoon បានចូលរួមសវនាការចំនួន២លើកនៅចំពោះមុខតុលាការធម្មនុញ្ញ។នៅក្នុងសវនាការកាលពីថ្ងៃទី២៣ខែមករា អតីតរដ្ឋមន្ត្រីការពារជាតិ Kim Yong-hyun បានផ្តល់សក្ខីកម្មអំណោយផលដល់ប្រធានាធិបតី។ក្នុងសវនាការនៅថ្ងៃទី២១ ខែមករា លោកYoon បានបដិសេធការស្នើឲ្យយោធាបង្ខំអ្នកតំណាងរាស្ត្រចេញពីអគាររដ្ឋសភានៅយប់ថ្ងៃទី៣ខែធ្នូ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងដីកាឃុំខ្លួនរបស់ការិយាល័យស៊ើបអង្កេតអំពើពុករលួយ(CIO)សម្រាប់ប្រធានាធិបតីនឹងផុតកំណត់នៅថ្ងៃទី ២៨ខែមករា។ ទន្ទឹមនឹងនេះជោគវាសនានយោបាយរបស់លោកYoon នឹងត្រូវសម្រេចដោយតុលាការធម្មនុញ្ញក្នុងរយៈពេល១៨០ថ្ងៃ៕
