កម្ពុជាប្រទះឃើញកូនក្រពើភ្នំ៣ក្បាលដ៏កម្រនៅទន្លេស្រែពក
ក្រុមការងារត្រួតពិនិត្យនិងតាមដានរបស់អង្គការ WWF-កម្ពុជា បានប្រទះឃើញកូនក្រពើភ្នំ៣ក្បាលនៅទន្លេស្រែពកក្នុងអំឡុងពេលនៃដំណើរចុះល្បាតរយៈពេល៥ថ្ងៃទៅកាន់ទន្លេស្រែពកនិងនៅតាមដងទន្លេនេះ។

អង្គការWWF-កម្ពុជាបានប្រកាសឱ្យដឹងនៅរាត្រីថ្ងៃទី២០ខែមករា ឆ្នាំ២០២៥លើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា ជាមួយរូបភាពក្រុមការងារយើង បានប្រទះឃើញកូនក្រពើភ្នំចំនួន៣ក្បាល ដែលនេះជាការរកឃើញដ៏កម្រនៃប្រភេទសត្វល្មូនដែលជិតផុតពូជ។ ក្រុមស្រាវជ្រាវនិងតាមដានជីវៈចម្រុះរបស់ យើងប៉ាន់ស្មានថា ក្រពើទាំងនេះមានអាយុពី៥ទៅ៦ខែ។ប្រភពដដែលបន្តថាតំបន់នេះក៏ធ្លាប់ជាកន្លែងដែលក្រុមការងារត្រួតពិនិត្យ និងតាមដានរបស់អង្គការ WWF-កម្ពុជាធ្លាប់ប្រទះឃើញពួកវាកាលពីឆ្នាំមុនហើយកិច្ចការស្រាវនេះប្រព្រឹត្តទៅក្នុងគោលបំណងតាមដានពីរបៀបដែលសត្វក្រពើកំពុងរស់នៅ ក៏ដូចជាពង និងញាស់កូនថ្មី ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់ របស់យើងជាខ្លាំងក្នុងកិច្ចការល្បាតព្រមទាំងការដកហូតឧបករណ៍នេសាទខុសច្បាប់នានាជាដើមពីដំបន់នេះ។WWF-កម្ពុជាបន្ថែមថា តាមរយៈការងារអភិរក្សប្រកបដោយភាពជោគជ័យនាពេលនេះអាចសម្រេចទៅបានក៏ដោយសារមានការចូលរួមពីមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ និងតំណាងសហគមន៍តំបន់ការពារផងដែរ ។
សូមជម្រាបថា តាមអ្នកជំនាញពន្យល់ថា ក្រពើភ្នំបានដើរតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ។នៅកម្ពុជាឧទ្យានជាតិជួរភ្នំក្រវាញក៏ជាទីជម្រកធម្មជាតិមានសុវត្ថិភាព និងសមស្របសម្រាប់ការរស់នៅរបស់ប្រភេទសត្វដ៏កម្រនេះ។ក្រពើភ្នំជាប្រភេទសត្វជិតផុតពូជបំផុតនិងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ សត្វក្រពើភ្នំមានចំនួនប្រមាណជាង១ ០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោកក្នុងនោះកម្ពុជាត្រូវបានគេចាត់ទុកថាមានវត្តមានសត្វក្រពើភ្នំច្រើនជាងគេប្រមាណជាង ៣០០ក្បាល៕AKP
