Daily News Sharing

តើអ្នក​​​ដឹងទេ?ក្រុមប្រឹក្សារា​​ជធានី ខេត្ត ក្រុង ស្រុក ខ​ណ្ឌ​សុទ្ធអាច​ដោះស្រាយវិ​វាទ​យើ​ងបាន?

19

យោងតាមមាត្រា១៤និងមាត្រា១៥នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានក្រុមប្រឹក្សារបស់ខ្លួន ដែលត្រូវបានជ្រើសរើសឡើងតាមការបោះឆ្នោតអសកល។មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្នុងនាមតំណាងឱ្យប្រជាពលរដ្ឋនៃមូលដ្ឋានរបស់ខ្លូន។ ក្រុមប្រឹក្សាមានអាណត្តិ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។

Middle Content


ផ្អែកតាមច្បាប់ដដែល លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាត្រូវចាត់វិធានការសមស្របដើម្បីដោះស្រាយវិវាទនៅមូលដ្ឋានដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។គួរកត់សម្គាល់ថា វិវាទមូលដ្ឋាន គឺជាវិវាទមានលក្ខណៈឯកជនរវាងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាជាមួយគ្នាឬដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាផ្សេងគ្នា។ចំណែកឯការដោះស្រាយវិវាទទាំងនោះ ក្រុមប្រឹក្សា ត្រូវផ្អែកតាមពាក្យបណ្ដឹងរបស់ភាគីណាមួយឬភាគីទាំងសងខាងនៅក្នុងវិវាទទៅក្រុមប្រឹក្សា ដែលភាគីនោះស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងដែនសមត្ថកិច្ច។
បើតាមលោកបណ្ឌិត ទូច សុឃៈច្បាប់ក៏បានតម្រូវឱ្យក្រុមប្រឹក្សា សម្រុះសម្រួលដោះស្រាយវិវាទនៅមូលដ្ឋានដោយផ្អែកតាមលក្ខណៈដែលអាចទទួលយកបានដោយភាគីនៅក្នុងវិវាទទាំងសងខាង។ ក្នុងករណីភាគីណាមួយក្នុងវិវាទមិនអាចទទួលយកបាននូវការសម្រុះសម្រួលដោះស្រាយក្រុមប្រឹក្សាត្រូវណែនាំភាគីនោះអំពីនីតិវិធីតាមផ្លូវច្បាប់សម្រាប់បន្តដោះស្រាយវិវាទនោះ។ លោកបណ្ឌិត បន្តថា ក្នុងករណីមានសំណូមពរ ឬការតវ៉ានានាពីប្រជាពលរដ្ឋ ក្រុមប្រឹក្សា ត្រូវពិនិត្យ និងដោះស្រាយសំណូមពរ ឬការតវ៉ានោះឱ្យបានសមស្រប។ ម្យ៉ាងទៀតក្នុងករណីមានសំណូមពរ ឬការតវ៉ា ក្រុមប្រឹក្សា ត្រូវចាត់វិធានការដោះស្រាយរួចហើយត្រូវជូនដំណឹងទៅប្រជាពលរដ្ឋវិញ។ និងករណីមានសំណូម ឬការតវ៉ានោះមិនស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ក្រុមប្រឹក្សាត្រូវរាយការណ៍ជូនក្រសួង ស្ថាប័នមានសមត្ថកិច្ច ឬក្រុមប្រឹក្សាដែលពាក់ព័ន្ធដើម្បីដោះស្រាយ។ យ៉ាងណាក៏ដោយ បើតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុងការសម្រុះសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន ក្រុមប្រឹក្សា មិនត្រូវធ្វើសេចក្ដីសម្រេចទៅលើបញ្ហាទាំងឡាយណាដែលពាក់ព័ន្ធករណីរួមមាន៖ ១. ការលែងលះ ២. អំពើហិង្សាក្នុងគ្រួសារដែលមានលក្ខណៈជាបទល្មើសឧក្រិដ្ឋឬមជ្ឈិម ៣. បទល្មើសឧក្រិដ្ឋឬមជ្ឈិមដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ឬករណីដែលស្ថិតនៅក្នុងក្របខ័ណ្ឌសណ្ដាប់ធ្នាប់សាធារណៈ៤. វិវាទដែលកំពុងដោះស្រាយដោយតុលាការឬដែលមានសេចក្ដីសម្រេចពីតុលាការ ៥. វិវាទដែលច្បាប់ឬដែលរាជរដ្ឋាភិបាលបានកំណត់ឱ្យស្ថាប័ន ឬយន្តការជាក់លាក់។ ចំពោះនីតិវិធីក្នុងការដោះស្រាយវិវាទនៅមូលដ្ឋានត្រូវផ្អែកតាមច្បាប់ ឬអនុក្រឹត្យ។ គួររម្លឹកថា ក្នុងចំណោមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ចំនួន ៧ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព គឺជាលក្ខណៈសម្បត្តិទី៥។ លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមទៀតថា នៅឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនឹងបង្កើនការយកចិត្តទុកដាក់ពង្រឹងគុណភាពការងារជាពិសេសតួនាទីរបស់ក្រុមប្រឹក្សារួមទាំងការទទួលសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋាន៕
កញ្ញាសេង សុខហ៊ុនមន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Footer Content