សម្តេចហ៊ុន សែន៖ថិរភាពរាជបល្ល័ង្កផ្ដល់ឱកាសរាជរដ្ឋាភិបាលកសាងប្រទេសយ៉ាងលឿន
សម្តេចហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាពីម្សិលមិញបានលើកឡើងពីពីសារៈសំខាន់ស្ថិរភាពរាជបល្ល័ង្ករយៈពេលជាង២០ឆ្នាំដែលបានផ្ដល់ឱកាសដល់រាជរដ្ឋាភិបាលបំពេញការងារពេញលេញដើម្បីកសាងប្រទេសយ៉ាងឆាប់រហ័សខណៈបច្ចុប្បន្នមានប្រទេសមួយចំនួនកំពុងជួបប្រទះវិបត្តិស្ថាប័នប្រមុខរដ្ឋផងនិងស្ថាប័នរដ្ឋាភិបាលផង។ទន្ទឹមនឹងនោះ លោកក៏បានថ្លែងសរសើរពីការអនុវត្តការងារយ៉ាងល្អរបស់រាជរដ្ឋាភិបាលបន្តវេនព្រមទាំងអំពាវនាវឱ្យមានការបង្កើតច្បាប់ដាក់ទោសអ្នកប្រឆាំងជ្រុលនិយមផងដែរ។នេះបើតាមការចេញផ្សាយKhmer Times។

ជម្រាបជូនថាប្រទេសកម្ពុជាពីម្សិលមិញបានប្រារព្ធពិធីរំលឹកខួបដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន។ ថ្ងៃទី៧ខែមករា ឆ្នាំ២០២៥គឺជាខួប៤៦ឆ្នាំដែលកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា(បច្ចុប្បន្នជាគណបក្សប្រជាជនកម្ពុជា)ក្រោមជំនួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសដោយជោគជ័យពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលព្យាយាមលុបបំបាត់អត្តសញ្ញាណវប្បធម៌និងអ្វីៗគ្រប់បែបយ៉ាងសូម្បីតែសិទ្ធិរស់រានរបស់ប្រជាពលរដ្ឋ។ពលរដ្ឋកម្ពុជារាប់ម៉ឺននាក់បានចូលរួមក្នុងពិធីនេះរួមមានថ្នាក់ដឹកនាំរដ្ឋាភិបាលមន្ត្រីរាជការមកពីបណ្ដាស្ថាប័នរដ្ឋាភិបាលនានាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា អង្គទូត សិស្ស និស្សិត និងភ្ញៀវមកពីប្រទេសផ្សេងៗ។សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីនេះ ដោយមានការចូលរួមពីសម្តេចហេងសំរិនប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជានិងសម្តេចហ៊ុនម៉ាណែតអនុប្រធាន។សម្តេចបានថ្លែងក្នុងពិធីនោះថាថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ជាថ្ងៃដែលសង្គ្រោះជីវិតប្រជាជនរាប់លាននាក់ពីមាត់ជ្រោះមរណៈបានទាន់វេលាហើយប្រជាជនមានសិទ្ធិសេរីភាពគ្រប់យ៉ាងឡើងវិញបន្ទាប់ពីបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតអស់រយៈពេលជាង៣ឆ្នាំ។ ប្រជាជនបានប្រសិទ្ធនាម«ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់ខ្លួន»។សម្តេចបន្ថែមថាបន្ទាប់ពីថ្ងៃជ័យជម្នះលើរបបអន្ធកាលនេះ គណបក្សប្រជាជនកម្ពុជាបានឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង ដើម្បីទប់ស្កាត់ការប៉ុនប៉ងការវិលត្រឡប់មកវិញនៃរបបដឹកនាំដោយប៉ុលពតការពារជីវិតប្រជាជននិងស្ដារប្រទេសឡើងវិញក្នុងស្ថានភាពប្រទេសមិនទាន់បញ្ចប់សង្គ្រាមទាំងស្រុងនៅឡើយ។យ៉ាងណាកិច្ចចរចាស្វែងរកសន្តិភាពនៅកម្ពុជាបានឈានដល់ការសម្រេចនូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។សម្តេចបន្ថែមថា ក្រោយការបោះឆ្នោតរៀបចំដោយអ៊ុនតាក់នៅឆ្នាំ១៩៩៣ប្រទេសកម្ពុជាបានបន្តបន្តជំហានទៅមុខប្រកបដោយក្ដីសង្ឃឹមលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិប្រជាធិបតេយ្យនិងអនុវភិវឌ្ឍន៍។ប៉ុន្តែនៅតែត្រូវប្រឈមឧបសគ្គធំៗជាច្រើនដោយសារតែខ្មែរក្រហមមិនព្រមអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយបន្តធ្វើសង្គ្រាមឈ្លបជាមួយរាជរដ្ឋាភិបាល។ រហូតមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបសង្គ្រាមនៅកម្ពុជាបានបញ្ចប់ ហើយមានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង។សម្តេចសង្កត់ធ្ងន់ថា មកដល់ពេលនេះមានរយៈ២៦ឆ្នាំហើយ ដែលកម្ពុជាបានប្រមូលផ្ដុំកម្លាំងជាតិ ធនធាន និងលទ្ធភាពគ្រប់បែបនេះ ដើម្បីជំរុញការអភិវឌ្ឍប្រទេសលើគ្រប់វិស័យដោយល្បឿនលឿនជាទីបំផុត។សម្តេចបានកត់សម្គាល់និងវាយតម្លៃថា នៅឆ្នាំ២០២៤ ដែលជាឆ្នាំដំបូងរបស់រាជរដ្ឋាភិបាលបន្តវេនដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានសម្រេចសមិទ្ធផលធំៗជាច្រើនទាំងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលដំបូងរបស់ខ្លួន។សម្តេចបានបញ្ជាក់ថា៖«ដំបូងឡើយខ្ញុំមានកង្វល់មួយចំនួនកើតឡើងចំពោះរូបខ្ញុំ បន្ទាប់ពីខ្ញុំចាកចេញពីជាស្ថាពរឋានៈនាយករដ្ឋមន្ត្រី […] ។ប៉ុន្តែរាជរដ្ឋាភិបាលបន្តវេនគឺបានធ្វើកិច្ចការដ៏ល្អលើសពីការរំពឹងទុករបស់យើងទៅទៀត»។សម្តេចសង្កត់ធ្ងន់ថា ដំណាក់កាលនេះ គឺត្រូវតែរក្សាសន្តិភាពនិងការអភិវឌ្ឍប្រទេសជាបន្ត។ល្បឿនអភិវឌ្ឍប្រទេសបានធ្វើដំណើរយ៉ាងលឿនដោយថមថយឡើយក្នុងរយៈពេល១៦ខែកន្លងមកនេះ។សម្តេចបានថ្លែងកោតសរសើររាជរដ្ឋាភិបាលដែលបានប្រែងប្រឹងធ្វើកិច្ចការងារបានយ៉ាងល្អក្នុងនិតីកាលទី៧នេះ។សម្តេចបន្ថែមថា៖ «ផ្អែកលើមូលដ្ឋានតថភាពនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការសម្រេចចិត្តរបស់ខ្ញុំនិងគណបក្សប្រជាជនកម្ពុជាក្នុងការផ្ទេរអម្រែកដឹកនាំទៅអ្នកដឹកនាំវ័យក្មេងបន្តវេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីធានានិរន្តរភាពជាតិ ធានាសន្តិភាពនិងការអភិវឌ្ឍយូរអង្វែង»។សម្តេចបន្តថានេះជាមេរៀនបទពិសោធមួយរាប់បញ្ចូលទាំងរូបសម្តេចនិងបណ្ដាថ្នាក់ដឹកនាំដែលបានចាកចេញពីរាជរដ្ឋាភិបាលគឺបានលះបង់អំណាចរបស់ខ្លួនដើម្បីដោះដូរយកមកវិញនូវសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែង។មេរៀននេះគឺជាបទពិសោធរបស់អតីតព្រះមហាក្សត្រនរោត្តមសីហនុបានរក្សាទុកសម្រាប់ថ្នាក់ដឹកនាំគ្រប់រូប។សម្ដេចឪបានដាក់រាជថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី។សម្តេចបានលើកឡើងថាស្ថិរភាពរយៈពេលជាង២០ឆ្នាំគឺស្ថិរភាពរាជបល្ល័ង្កបន្ទាប់ពីអតីតព្រះមហាក្សត្រនរោត្តមសីហនុដាក់រាជ្យថ្វាយព្រះមហាក្សត្របច្ចុប្បន្ន។ ស្ថិរភាពនេះជាស្ថិរភាពស្ថាប័នប្រមុខរដ្ឋ ដែលបច្ចុប្បន្ននេះមានប្រទេសមួយចំនួនកំពុងពើបនឹងវិបត្តិស្ថាប័នប្រមុខរដ្ឋផងនិងស្ថាប័នរដ្ឋាភិបាលផង។តួយ៉ាងដូចជាសាធារណរដ្ឋកូរ៉េ និងប្រទេសបារាំងនាពេលបច្ចុប្បន្នបានបង្ហាញយ៉ាងច្បាស់អំពីបញ្ហាការអស្ថិរភាពស្ថាប័នប្រមុខរដ្ឋ។សម្តេចនិយាយថា៖«ការជ្រើសរើសរបបរាជានិយមអាស្រ័យធម្មនុញ្ញ ដែលព្រះមហាក្សត្រ នរោត្តម សីហមុនី កំពុងគង់ជាព្រះប្រមុខរដ្ឋគឺជាការត្រឹមបំផុតហើយស្ថិរភាពរាជបល្ល័ង្កក្នុងរយៈពេល២០ឆ្នាំបានផ្ដល់ឱកាសដល់រាជរដ្ឋាភិបាលបំពេញកិច្ចការងារពេញដៃពេញជើង ដើម្បីកសាងប្រទេសយ៉ាងឆាប់រហ័ស»។
សម្តេចរំលឹកថាទោះការផ្តួលរំលំរបបប្រល័យពូជសាសន៍កន្លងផុតរយៈពេល៤៦ឆ្នាំ។ប៉ុន្តែស្មារតីជ័យជម្នះ៧មករាកំពុងបន្តបំភ្លឺផ្លូវ ដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង។វាបានឆ្លុះបញ្ចាំងអំពីកម្លាំងមហាសាមគ្គីរបស់ជាតិនិងការប្តេជ្ញាចិត្តយ៉ាងមោះមុតឥតរាថយចំពោះឧបសគ្គគ្រប់យ៉ាង ដើម្បីភាពគង់វង្សស្ថិតស្ថេរ និងរីក ចម្រើនរបស់ជាតិមាតុភូមិ។ ដូច្នេះជនណាដែលនៅតែប្រឆាំងនឹង៧មករាគឺជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា។សម្តេចបានរំលេចពីទិដ្ឋភាពប្រវត្តិសាស្ត្រថា ប្រសិនបើគ្មានរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០តាមខ្សែញាក់របស់បរទេសក៏គ្មានរបបប្រល័យពូជសាសន៍ដែរ។ដូច្នេះសម្តេចប្តេជ្ញាទប់ស្កាត់រាល់សកម្មភាពដែលនាំទៅរកការដណ្តើមអំណាចដោយរំលោភបំពានរដ្ឋធម្មនុញ្ញផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។សម្តេចស្នើដល់ស្ថាប័នមានសមត្ថកិច្ចយកចិត្តទុកដាក់ពង្រឹងការអនុវត្ត«ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ឱ្យបានម៉ឺងម៉ាត់បំផុត។ ជាមួយនឹងគ្នានេះអំពានាវនាវដល់ពលរដ្ឋទាំងអស់ចូលរួមពង្រឹងស្មារតីស្រឡាញ់សន្តិភាពនិងការពារសន្តិភាពដែលរកបានមកដោយលំបាកជាទីបំផុតហើយមិនអនុញ្ញាតដាច់ខាតឱ្យជនណាឬកម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ។សម្តេចបានថ្លែងថា៖«ក្នុងស្មារតីនេះខ្ញុំយល់ថាវាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការឬអំពើឃុបឃិតគប់គិតបង្កើតចលនាប្រឆាំងជ្រុលនិយមបង្កភាពវឹកវរអសន្តិសុខក្នុងសង្គមបង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃនិងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់គឺជាភេរវករដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព»។នៅថ្ងៃជាមួយនឹងគ្នានេះដែរសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថាថ្ងៃ៧មករា ជាថៃ្ងបុណ្យជាតិដ៏សំខាន់ដើម្បីរំលឹកដល់គុណបំណាច់របស់យុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតដែលបានកាប់សម្លាប់ប្រជាជនខ្លួនឯងអស់ជាង៣លាននាក់។សម្តេចថាក្នុងរបបនេះប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំងគ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម និងគ្មានសិទ្ធិសេរីភាពទាំងអស់។ក្រោយថ្ងៃរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពតប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យ។សម្តេចបាននិយាយថា៖ «ប្រសិនបើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះដែរ ។ស្មារតី៧មករា មានគុណតម្លៃធំធេងជាអមតៈសម្រាប់ប្រជាជនកម្ពុជានិងជាសច្ចធម៌ប្រវត្តិសាស្រ្តដែលមិនអាចបំភ្លៃ ឬបំផ្លាញបាននោះឡើយ»។សម្តេចបន្ថែមថា៖ «ក្រោមស្មារតីបង្រួបបង្រួមជាតិ សាមគ្គីជាតិ និងនាំសន្តិភាពពេញលេញជូនជាតិនិងប្រជាជនបានបង្កើតនយោបាយឈ្នះ-ឈ្នះ បង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ដែលនាំសន្តិភាពពេញលេញដែលយើងបាត់បង់ជាង៥០០ឆ្នាំមកហើយ។ សន្តិភាពគឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់យើងគ្រប់គ្នាសម្រាប់ការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃ»៕
