សម្តេចហ៊ុន សែន៖រាជរដ្ឋាភិបាលបន្តវេនសម្រេចសមិទ្ធផលលើសការរំពឹងទុក
សម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រមុខបក្សCPPបានលើកឡើងថារាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតបានសម្រេចសមិទ្ធផលធំៗ យ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់ខ្លួន។នេះបើតាមការចេញផ្សាយAKP។

នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ«៧មករា» នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះនៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងរយៈពេលប្រមាណជា១៦ខែកន្លងទៅនេះដែលជាឆ្នាំដំបូងនៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភាគឺគ្រប់គ្រាន់ដើម្បីនឹងវាយតម្លៃថា រាជរដ្ឋាភិបាលនៃអ្នកបន្តវេនគឺបានធ្វើកិច្ចការដ៏ល្អលើសពីការរំពឹងទុករបស់យើងទៅទៀត។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកអំពីស្នាដៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាទៀតថា ជាក់ស្តែង សន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ត្រូវបានការពារយ៉ាង គត់មត់, សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចជាតិសម្រេចបាន កំណើនក្នុងរង្វង់៦%, អត្រាប្តូរប្រាក់មានស្ថិរភាព,អតិផរណាស្ថិតក្នុងកម្រិតទាបដែលអាចគ្រប់គ្រងបាន,ស្ថានភាពការងារនិងជីវភាពប្រជាជនក៏មានស្ថិរភាព។កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាល បានបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងពង្រឹងឯករាជ្យខាងនយោបាយលើការដឹកជញ្ជូនផ្លូវទឹកដែលនឹងត្រូវស្ថាបនារួចរាល់នៅឆ្នាំ២០២៨ខាងមុខ។ជាមួយគ្នានេះរាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនដែលនឹងផ្តល់សារៈប្រយោជន៍ដល់ការអភិវឌ្ឍតំបន់ព្រំដែននិងការការពារបូរណភាពទឹកដី។ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់ បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងបំពេញ បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម- សេដ្ឋកិច្ច និងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ជាសក្ខីកម្ម នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៤បានអនុម័តសេចក្តីសម្រេចសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍតិចតួចជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ ខាងមុខនេះ៕
