ការដំឡើងប្រាក់ឈ្នួលអប្បបរមាចាប់ពីខែមករាឆ្នាំ២០២៥នេះនឹងលើកទឹកចិត្តដល់កម្មករនិយោជិត២០៨ដុល្លារ
ការអនុវត្តប្រាក់ឈ្នួលអប្បបរមា២០៨ដុល្លារសម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប គឺបានអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥នេះហើយ ខណៈដែលកម្មករនិយោជិតសប្បាយចិត្តនិងអរគុណរាជរដ្ឋាភិបាល ហើយចាត់ទុកថាគោលនយោបាយដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។នេះបើតាមការចេញផ្សាយAKP។

លោកស្រី ខាន់ នារតី ជាកម្មករនិយោជិតនៅរោងចក្រ ស៊ីដស៍ ហ្កាមែន (ខេមបូឌា)បានគូសបញ្ជាក់នូវការអរគុណសម្រាប់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងនិយោជកជាពិសេសក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារ នៅឆ្នាំ២០២៥នេះ ធ្វើឱ្យរូបគាត់សប្បាយចិត្តជាខ្លាំង ដោយសារប្រាក់ឈ្នួលអប្បបរមាថ្មីនេះសំខាន់ណាស់សម្រាប់ជីវភាពរបស់កម្មករនិយោជិតត្បិតឡើងមិនច្រើនពេកតែតួលេខនេះអាចទទួលយកបាន ហើយវានឹងក្លាយជាចំណូលប្រចាំខែថ្មីបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ខ្លួនបន្ថែមពីលើអត្ថប្រយោជន៍ផ្សេងៗទៀតដែលកំពុងទទួលបានស្រាប់។លោក ចាន់ ចំរើន ប្រធានសហជីពអភិវឌ្ឍន៍កម្មករកម្ពុជា បានលើកឡើងដែរថា ក្នុងនាមលោកជាតំណាងឱ្យកម្មករនិយោជិតក្នុងរោងចក្រទាំងអស់ លោកមានសេចក្ដីត្រេកអរជាខ្លាំងនិងរំភើបជំនួសបងប្អូនកម្មករនិយោជិតដែលទទួលបានកាដូឆ្នាំថ្មី២០២៥ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រួលដល់ទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត តាមរយៈការអនុវត្តនូវប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីខែមករានេះតទៅ។ លោកប្រាប់ថា ប្រាក់ឈ្នួលថ្មីនេះ ជួយលើកទឹកចិត្តរបស់កម្មករនិយោជិតកាន់តែខិតខំប្រឹងប្រែងបន្តទៀត ហើយវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងជីវភាពរបស់បងប្អូនកម្មករនិយោជិតនៅកម្ពុជា។លោកថាមានកត្តាសន្តិភាពទើបធ្វើអោយរាជរដ្ឋាភិបាលកម្ពុជាអាចដំឡើងប្រាក់ឈ្នួលបានយ៉ាងទៀតទាត់ជារៀងរាល់ឆ្នាំ ហើយកម្មករនឹងកាន់តែសប្បាយចិត្ត។ជាមួយគ្នានេះដែរ សហជីព និងកម្មករនិយោជិត បានសំណូមពរ និងអំពាវនាវដល់ម្ចាស់ផ្ទះជួល និងអ្នកលក់ដូរទំនិញគ្រប់ប្រភេទកុំដំឡើងថ្លៃតាមការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីនេះសម្រាប់កម្មករនិយោជិតដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់ពួកគាត់មួយកម្រិតផងដែរ ។សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ក្នុងការដំឡើងប្រាក់ឈ្នួលអប្បរមា និងផ្តល់អត្ថប្រយោជន៍ផ្សេងៗយ៉ាងសមរម្យ និងទៀងទាត់ដល់បងប្អូនកម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា៕
