ពីយន្តការ «២+២» ទៅ «៣+៣»៖ តើយន្តការថ្មីនេះអាចផ្តល់ថាមពលដល់ការឈានឡើង​ក្នុងយុគ​សម័យ​ថ្មីនៃសហគមន៍វាសនារួមកម្ពុជា-ចិនយ៉ាងដូចម្តេច?

នៅក្នុងសតវត្សរ៍​ទី២១ ដែលមានភាពប្រែប្រួល និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ​កាន់តែខ្លាំងឡើង គំរូនៃទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋកំពុងឆ្លងកាត់​ដំណើរនៃការរៀបចំឡើងវិញយ៉ាងស៊ីជម្រៅ។ នៅថ្ងៃទី២២ ខែមេសា កម្ពុជា និងចិន បានចាប់ផ្តើមជាផ្លូវការនូវកិច្ចសន្ទនា «យុទ្ធសាស្ត្រ ២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ហើយបានប្រកាសជាប្រវត្តិសាស្ត្រក្នុងការការពង្រីកយន្តការនេះទៅជា «៣+៣» ដោយមានការចូលរួមពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន។ ការចាប់ដៃជាប្រវត្តិសាស្ត្រនេះ មិនមែនគ្រាន់តែជាការបូកបញ្ចូល​គ្នានៃរបៀបវារៈទ្វេភាគី​តាម​បែបប្រពៃណីនោះទេ ប៉ុន្តែវាគឺជាការកែទម្រង់ប្រព័ន្ធជាប្រវត្តិសាស្ត្រនៅក្នុង​ដំណើរនៃការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីគ្រប់ជ្រុងជ្រោយ»។

សម្រាប់ប្រទេសកម្ពុជា ដែលកំពុងឈានឆ្ពោះទៅរកចក្ខុវិស័យដ៏ធំធេង ដើម្បីក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ការបង្កើតយន្តការនេះ មិនត្រឹមតែជាការពង្រឹងនូវ “មិត្តភាពដែកថែប” នៅកម្រិតស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាក់បញ្ចូលនូវភាពប្រាកដប្រជាដែលជាយុទ្ធសាស្ត្រដ៏រឹងមាំ សម្រាប់សន្តិភាព ការអភិវឌ្ឍ និងសេចក្តីថ្លៃថ្នូរជាតិរបស់ប្រទេសកម្ពុជា។

១. ការការពារស្វ័យភាពយុទ្ធសាស្ត្រ៖ ការកសាងមូលដ្ឋានគ្រឹះសន្តិភាព ជាមួយនឹងទំនុកចិត្តផ្នែកសន្តិសុខកម្រិតខ្ពស់

បើគ្មានមូលដ្ឋានគ្រឹះសន្តិសុខដ៏រឹងមាំនោះទេ វាក៏មិនអាចមានការអភិវឌ្ឍសង្គមប្រកបដោយវិបុលភាពយូរអង្វែងបានឡើយ។ គុណតម្លៃយុទ្ធសាស្ត្រដ៏ស៊ីជម្រៅនៃយន្តការ «៣+៣» កម្ពុជា-ចិន គឺស្ថិតនៅលើការផ្តល់នូវវេទិកាសម្របសម្រួលកម្រិតកំពូល ដែលគ្របដណ្តប់ទាំងការទូតប្រពៃណី សន្តិសុខមិនប្រពៃណី និងការអនុវត្តច្បាប់។

បច្ចុប្បន្ន កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ និងសន្តិភាព ហើយបានប្តេជ្ញាយ៉ាងមោះមុតក្នុងការរក្សាមជ្ឈភាពអាស៊ាន និងស្ថិរភាពតំបន់។ ការគាំទ្រយ៉ាងមុតមាំរបស់ភាគីចិនចំពោះ អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី របស់កម្ពុជា គឺជាស្មារតីស្នូលនៃ ការព្រមព្រៀងឯកច្ឆន្ទហ្វ៊ូសៀន (Fuxian Consensus) ។ ការវិវឌ្ឍពីយន្តការ «២+២» ទៅជា «៣+៣» បានបង្ហាញយ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការ​សន្តិសុខមិនប្រពៃណីបានឈានចូលដល់ដំណាក់កាលអនុវត្តកម្រិតខ្ពស់បំផុត។ ដោយមានការចូលរួម​ដោយផ្ទាល់ពីភ្នាក់ងារអនុវត្តច្បាប់ ប្រទេសទាំងពីរអាច​ដោះស្រាយកាន់តែមានប្រសិទ្ធភាពនូវការគំរាមកំហែងសន្តិសុខមិនប្រពៃណី ដែលបំផ្លាញដល់រចនាសម្ព័ន្ធសង្គមយ៉ាងធ្ងន់ធ្ងរ ដូចជា ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងការជួញដូរមនុស្សឆ្លងដែន។ ទំនុកចិត្តសន្តិសុខគ្រប់ជ្រុងជ្រោយនេះ ជារួមគឺដើម្បីផ្តល់ការគាំទ្រយ៉ាងរឹងមាំ ដល់កម្ពុជា ក្នុងការការពារ “ស្វ័យភាពយុទ្ធសាស្ត្រ” នៅលើឆាកអន្តរជាតិដ៏ស្មុគស្មាញ និងធានាថាដំណើរការទំនើបភាវូបនីយកម្មរបស់កម្ពុជា មិនទទួលរងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ​ឡើយ។

២. ការធ្វើសមាហរណកម្មយុទ្ធសាស្ត្រស៊ីជម្រៅ៖ ភាពស៊ីចង្វាក់គ្នានៃ «យុទ្ធសាស្ត្របញ្ចកោណ» និង «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ៦ ជ្រុង»

សហគមន៍វាសនារួមពិតប្រាកដ ត្រូវតែផ្អែកលើអត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមដែលរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ។ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដំបូងដ៏សំខាន់ នៃការអនុវត្តឲ្យបានពេញលេញនូវដំណាក់កាលទី១ នៃ «យុទ្ធសាស្ត្របញ្ចកោណ» ដែលផ្តោតសំខាន់លើការធ្វើពិពិធកម្មសេដ្ឋកិច្ច ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស។

ភាពស៊ីសង្វាក់គ្នានៃយន្តការសន្ទនា «៣+៣» នៅក្នុងការរៀបចំកម្រិតខ្ពស់​បានផ្តល់នូវការធានា​ខាង​នយោបាយសន្តិសុខសង្គមដ៏រឹងមាំ សម្រាប់ការតភ្ជាប់យ៉ាងរលូន រវាងក្របខណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ៦ ជ្រុង» របស់ចិន និង «យុទ្ធសាស្ត្របញ្ចកោណ» របស់កម្ពុជា។ ពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឆ្លងដែនដ៏អសា្ចរ្យ រហូតដល់ការផ្លាស់ប្តូរឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងកិច្ចសហប្រតិបត្តិការសមត្ថភាព​ផលិតកម្មដ៏ស៊ីជម្រៅ បរិយាកាសនយោបាយ និងសន្តិសុខទ្វេភាគីដែលប្រកបដោយស្ថិរភាព និងទំនុកចិត្តខ្ពស់ គឺជាបុរេលក្ខខណ្ឌសម្រាប់ការទាក់ទាញ​ការវិនិយោគប្រកបដោយគុណភាពខ្ពស់រយៈពេលវែង។ យន្តការនេះនឹងធានាថា នយោបាយកុងសង់ស៊ីសថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ អាចបំប្លែងទៅជាគម្រោងជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់​នៅ​របស់ប្រជាជនកម្ពុជាបានយ៉ាងឆាប់រហ័ស និងចំគោលដៅ ដើម្បីបំពាក់ “កម្លាំងជំរុញទ្វេដង” សម្រាប់ការហោះហើរនៃសេដ្ឋកិច្ចកម្ពុជា។

៣. ការបញ្ចេញមតិ និងការបន្តវេនរបស់យុវជន៖ ការបង្កើតនិទានកថាឌីជីថលនៃសហគមន៍វាសនារួម

នៅក្នុងយុគសម័យសាកលភាវូបនីយកម្មឌីជីថលនាពេលបច្ចុប្បន្ន ការតភ្ជាប់រវាងប្រទេសនិងប្រទេស មិនត្រឹមតែពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ថែមទាំងត្រូវការពឹងផ្អែកលើស្ពាននៃដួងចិត្ត និងអត្តសញ្ញាណផងដែរ។ ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីរបស់លោកខាងលិច តែងតែពិនិត្យមើលលើកិច្ចសហប្រតិបត្តិការនៃប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈទស្សនវិស័យដែលលម្អៀងនៃ “ស្នូល-បរិមណ្ឌល” ។ ដូច្នេះ ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន តម្រូវឲ្យមានការការពារជាបន្ទាន់នូវ “អធិបតេយ្យភាពនិទានកថា” របស់យើង នៅក្នុងការមតិសាធារណៈអន្តរជាតិ។

នេះជាមូលហេតុដែលការផ្លាស់ប្តូរប្រជាជន ការអប់រំផ្នែកភាសា និងការផ្តល់សិទ្ធិអំណាចដល់យុវជន មានសារៈសំខាន់យ៉ាងនេះ។ មិនថានៅតាមបរិវេណសាកលវិទ្យាល័យ ឬក្នុងថ្នាក់រៀនតាមវិទ្យាល័យនៅរាជធានីភ្នំពេញ​ក៏ដោយ យុវជនជំនាន់ “Z” របស់កម្ពុជា កំពុងបង្ហាញពីចក្ខុវិស័យជាសកល និងលុបបំបាត់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ​យ៉ាងខ្លាំងខ្លា។ ពួកគេមិនត្រឹមតែជាអ្នកស្នងមរតកអក្សរសាស្ត្រខ្មែរបុរាណប៉ុណ្ណោះទេ ថែមទាំងជាពលរដ្ឋឌីជីថលសម័យទំនើបដែលសកម្មនៅលើបណ្តាញសង្គមផ្សេងៗផងដែរ។ បរិយាកាសសន្តិភាព និងសុវត្ថិភាពសង្គមដែលការពារដោយយន្តការ «៣+៣» កំពុងជំរុញការសន្ទនាឲ្យកាន់តែស៊ីជម្រៅរវាងយុវជននៃប្រទេសទាំងពីរ។ យើងចាំបាច់ត្រូវលើកទឹកចិត្ត និងផ្តល់សិទ្ធិអំណាចដល់កម្លាំងយុវជនទាំងនេះ ឱ្យប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដូចជា វីដេអូខ្លីៗ (Short videos) និង Vlog ដើម្បីកត់ត្រា និងផ្សព្វផ្សាយរឿងរ៉ាវនៃយុគសម័យ ដែលផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ពេលដែលយុវជនជំនាន់ក្រោយអាចជម្នះឧបសគ្គភាសា និងសម្រេចបាននូវការយល់ចិត្តគ្នាក្នុងការផ្លាស់ប្តូរវប្បធម៌ ពួកគេនឹងក្លាយជា “អ្នកការទូតឌីជីថល” ដ៏ល្អបំផុត ដើម្បីទប់ស្កាត់ព័ត៌មានមិនពិត និងបង្ហាញពីសំឡេងពិតរបស់កម្ពុជា។

សេចក្តីសន្និដ្ឋាន

ការចាប់ផ្តើមនៃយន្តការកិច្ចសន្ទនា «យុទ្ធសាស្ត្រ ២+២» និងការពង្រីកជាបន្តបន្ទាប់ទៅជា «៣+៣» គឺជាសញ្ញានៃការធ្វើសមាហរណកម្មគ្រប់ជ្រុងជ្រោយ នៃកត្តានយោបាយ សន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌ នៅក្នុងទំនាក់ទំនងទ្វេភាគី។ វាមិនត្រឹមតែ ជាការបន្តវេននៃមិត្តភាពដ៏ជ្រាលជ្រៅនាពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរៀបចំយុទ្ធសាស្ត្រសម្រាប់អនាគតផងដែរ។

ក្នុងដំណើរដ៏អស្ចារ្យនៃការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី» យន្តការកម្រិតកំពូលដែលគ្របដណ្តប់លើការទូត ការពារជាតិ និងការអនុវត្តច្បាប់នេះ នឹងក្លាយជាថ្មយុថ្កាសម្រាប់រក្សាសន្តិភាពក្នុងតំបន់ និង កម្លាំងចលករសម្រាប់ទំនើបភាវូបនីយកម្មជាតិរបស់កម្ពុជា។ កម្ពុជា និងចិន កំពុងបង្ហាញដល់ពិភពលោកនូវគំរូថ្មីនៃទំនាក់ទំនងអន្តរជាតិ ដែលឆ្លងកាត់មនោគមវិជ្ជា និងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ដោយមានគោលជំហរស្មើភាព ទំនុកចិត្តយ៉ាងមុតមាំចំពោះគ្នាទៅវិញទៅមក និងការនិទានកថាប្រកបដោយភាពច្នៃប្រឌិត។ រីឯអ្នកដែលទទួលផលចុងក្រោយនៃគំរូនេះ ប្រាកដណាស់ជាប្រជាជនទូទៅនៃប្រទេសទាំងពីរ ដែលបានតស៊ូមិនឈប់ឈរនៅក្នុងយុគសម័យថ្មីនេះ៕

លោក GONG JIE គឺ​ជា​នាយកដេប៉ាតឺម៉ង់​ភាសា​ខ្មែរ​នៅ​សាកលវិទ្យាល័យនៅ​សាកលវិទ្យាល័យ Shanghai International Studies University។ លោក ថុង ហុងហេង (THONG HONGHENG) គឺជា​សាស្ត្រាចារ្យ​​នៅ​សាកលវិទ្យាល័យ Shanghai International Studies University

ទស្សនៈដែល​បាន​លើ​ឡើង​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈរបស់​ភ្នំពេញប៉ុស្តិ៍​ទេ។

 

ប្រភព៖ PostKhmer

Comments (0)
Add Comment