វិបត្តិថាមពលនៅប្រទេសគុយបាឈានដល់ចំណុចប្រកាសអាសន្ន

0 3

រដ្ឋមន្ត្រីក្រសួងថាមពល លោក Vicente de la O Levy បានបញ្ជាក់ថា ការដឹកជញ្ជូនប្រេងជាជំនួយពីប្រទេសរុស្ស៊ីកាលពីខែមីនា ត្រូវបានប្រើប្រាស់អស់ទាំងស្រុងហើយ ពោលគឺការប្រើប្រេងម៉ាស៊ូតសម្រាប់ប្រើប្រាស់ដែលធ្វើឱ្យបណ្តាញអគ្គិសនីស្ទើរតែគ្មានថាមពលបម្រុងសម្រាប់ដំណើរការ ។

 

ការដាច់ភ្លើងនៅទីក្រុងឡាហាវ៉ាន (Havana) បានកើនឡើងដល់ ២០ ទៅ ២២ ម៉ោងក្នុងមួយថ្ងៃ ដែលធ្វើឱ្យប្រជាពលរដ្ឋស្ទើរតែមិនអាចបំពេញតម្រូវការមូលដ្ឋានដូចជា ការចម្អិនអាហារ ការបោកគក់ ឬការសាកថ្មទូរស័ព្ទជាដើម ។

 

រដ្ឋបាលលោក ត្រាំ បានអនុវត្តការបិទខ្ទប់ការនាំចូលប្រេង ដោយចាត់ទុកថា រដ្ឋាភិបាលគុយបាគឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់អាមេរិក។ គោលដៅរបស់សហរដ្ឋអាមេរិក គឺបង្ខំឱ្យមានការកែទម្រង់ផ្នែកនយោបាយ និងសេដ្ឋកិច្ច ឬ ការផ្លាស់ប្តូរថ្នាក់ដឹកនាំ ។ សហរដ្ឋអាមេរិកធ្លាប់បានផ្តល់ ជំនួយចំនួន ១០០ លានដុល្លារ ប៉ុន្តែជំនួយនេះភ្ជាប់មកជាមួយលក្ខខណ្ឌនៃការកែទម្រង់នយោបាយ ។ គុយបាបានបដិសេធសម្ពាធនេះ ដោយចាត់ទុកថាវាជាយុទ្ធនាការជ្រៀតជ្រែកផ្ទៃក្នុងរបស់ប្រទេស ខណៈដែលសហរដ្ឋអាមេរិកព្រមានថា អាចនិងមានជម្រើសប្រើប្រាស់កម្លាំងយោធាបើនៅរឹងទទឹង ។

 

ការដាក់ទណ្ឌកម្មលើប្រទេសវេណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តរបស់គុយបា បានធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់របស់កោះនេះកាន់តែរួមតូច ដោយទុកឱ្យពួកគេគ្មានការដឹកជញ្ជូនប្រេងជាទៀងទាត់អស់រយៈពេលជាង ៤ ខែមកហើយ ។

 

ទោះបីជាប្រទេសចិនបានផ្តល់បន្ទះស្រូបពន្លឺព្រះអាទិត្យជាជំនួយ ប៉ុន្តែការខ្វះខាតអាគុយផ្ទុកថាមពលដែលមានតម្លៃថ្លៃ និង អាកាសធាតុមិនអំណោយផល ជាកត្តាបង្កការលំបាកដល់គុយបា ។ វិបត្តិនេះត្រូវបានគេរំពឹងថានឹងកាន់តែខ្លាំងឡើង ខណៈដែលកម្តៅរដូវក្តៅបានធ្វើឱ្យតម្រូវការថាមពលកើនឡើង ក្នុងពេលដែលការផ្គត់ផ្គង់ប្រេងឥន្ធនៈមិនទាន់មាននៅឡើយ ៕

Leave A Reply

Your email address will not be published.