អង្គការសុខភាពពិភពលោក (WHO) និងអាជ្ញាធរអេស្ប៉ាញ កំពុងត្រួតពិនិត្យការជម្លៀសបន្ទាន់នៃនាវាទេសចរណ៍ MV Hondius ដែលគ្រោងនឹងចូលចតនៅកំពង់ផែ Granadilla នៃកោះ Tenerife នៅព្រឹក ថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦។ នាវានេះបានជួបប្រទះការផ្ទុះឡើងនៃមេរោគ Hantavirus (ទម្រង់ Andes) ដែលបានសម្លាប់មនុស្ស ៣ នាក់ ចាប់តាំងពីចាកចេញពីប្រទេសអាហ្សង់ទីន ។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា ហានិភ័យចំពោះអ្នកស្រុកគឺនៅទាបនៅឡើយទេ ។ អ្នកដំណើរនឹងត្រូវដឹកតាមទូកតូចៗមកច្រាំង រួចបន្តដំណើរតាមរថយន្តដែលមានការការពារយ៉ាងតឹងរ៉ឹង និង នៅដាច់ដោយឡែកពីតំបន់លំនៅដ្ឋាន។
អ្នកដំណើរជិត ១៥០ នាក់នឹងត្រូវបញ្ជូនទៅកាន់ប្រទេសកំណើតរបស់ពួកគេភ្លាមៗមានដូចជា ប្រទេសអាល្លឺម៉ង់ បារាំង ប៊ែលហ្សិក អៀរឡង់ និងហូឡង់ កំពុងបញ្ជូនយន្តហោះមកទទួលពលរដ្ឋរបស់ខ្លួន ។ ជនជាតិអេស្ប៉ាញ ១៤ នាក់នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យយោធា ដើម្បីធ្វើការតាមដានសុខភាព និងធ្វើតេស្ត PCR ។
រីឯ អ្នកដំណើរអាមេរិក ១៧ នាក់ (ដែលបច្ចុប្បន្នមិនទាន់មានរោគសញ្ញា) នឹងត្រូវដឹកតាមយន្តហោះដែលមានប្រព័ន្ធការពារមេរោគ ទៅកាន់អង្គភាពចត្តាឡីស័កជាតិក្នុង រដ្ឋ Nebraska ដើម្បីវាយតម្លៃ និង តាមដានសុខភាពរយៈពេល ៤២ ថ្ងៃ ។
មេដឹកនាំតំបន់នៃកោះ Canary បានបង្ហាញការជំទាស់យ៉ាងខ្លាំងចំពោះការចូលចតនេះ ដោយសារបារម្ភពីការឆ្លងតាមរយៈសត្វកណ្តុរ ។ ទោះជាយ៉ាងណា រដ្ឋាភិបាលអេស្ប៉ាញបានច្រានចោលការបារម្ភនេះ ដោយបញ្ជាក់ថាការត្រួតពិនិត្យមិនបានរកឃើញសត្វកណ្តុរនៅលើនាវានោះទេ ។
អង្គការ WHO និង CDC បានសង្កត់ធ្ងន់ថា វីរុស Hantavirus មិនមែនជាជំងឺកូវីដ-១៩ មួយផ្សេងទៀតនោះទេ ហើយក៏មិនមានហានិភ័យនោះទេ ។ បច្ចុប្បន្ន រដ្ឋមួយចំនួនក្នុងសហរដ្ឋអាមេរិក កំពុងតាមដានអ្នកដំណើរដែលបានចុះពីនាវានេះកាលពីពេលមុន ហើយរហូតមកដល់ពេលនេះ មិនទាន់មាននរណាម្នាក់ចេញរោគសញ្ញានៅឡើយទេ ៕
ប្រភព៖ CNN