ជើងហោះហើរដែលវែងជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្ខំឱ្យត្រឡប់ទៅកាន់ព្រលានយន្តហោះ Changi វិញ បន្ទាប់ពីហោះហើរបានជិត ៩ ម៉ោង

5

ជើងហោះហើរមួយរបស់ក្រុមហ៊ុន Singapore Airlines ដែលធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក បានហោះត្រឡប់មកកាន់អាកាសយានដ្ឋាន Changi វិញ បន្ទាប់ពីមានករណីអាសន្នផ្នែកសុខភាពនៅលើលើយន្តហោះ ដោយបានចុះចតវិញនៅរយៈពេល ៨ ម៉ោង និង ៤៧ នាទីក្រោយពេលហោះចេញ ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Singapore Airlines ជើងហោះហើរលេខ SQ24 ដែលប្រើប្រាស់យន្តហោះប្រភេទ Airbus A350-900ULR (លេខចុះបញ្ជី 9V-SGB) បានដឹកអ្នកដំណើរចំនួន ១៤៤ នាក់ និងបុគ្គលិកបម្រើការលើជើងហោះហើរចំនួន ១៧ នាក់ នៅពេលហោះចេញពីអាកាសយានដ្ឋាន Changi នៅវេលាម៉ោងប្រហែល ១២:២៤ រសៀល ថ្ងៃទី ១៤ ខែកញ្ញា ។

ដោយផ្អែកលើទិន្នន័យពី Flightradar24 គេហទំព័រ AsiaOne បានរាយការណ៍ថា យន្តហោះនេះបានប្តូរទិសដៅហោះត្រឡប់មកវិញនៅប្រហែល ៤ ម៉ោងក្រោយមក ខណៈពេលកំពុងហោះហើរលើដែនទឹកសមុទ្រហ្វីលីពីន (Philippine Sea) ក្បែរកោះតៃវ៉ាន់ ហើយបានចុះចតនៅប្រទេសសិង្ហបុរីវិញនៅវេលាម៉ោង ៩:១១ យប់ ។

ក្រុមហ៊ុនអាកាសចរណ៍នេះមិនបានបញ្ជាក់ថាអ្នកណាជាអ្នកដែលមានបញ្ហាសុខភាពនោះទេ ដោយបានបដិសេធមិនផ្តល់ព័ត៌មានលម្អិត ដោយលើកហេតុផលអំពីការរក្សាការសម្ងាត់របស់អតិថិជន ។

Mothership បានដកស្រង់ការបង្ហោះនៅលើ Reddit ពីបុគ្គលមួយចំនួនដែលអះអាងថាពួកគេស្ថិតនៅលើជើងហោះហើរនោះ ហើយថាប្រធានក្រុមអ្នកបើកបរយន្តហោះ (captain) គឺជាអ្នកដែលជួបបញ្ហាសុខភាព ដោយមានការហៅគ្រូពេទ្យឱ្យមកជួយពិនិត្យមើលក្នុងអំឡុងពេលហោះហើរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines មិនទាន់បានបញ្ជាក់ពីព័ត៌មានទាំងនោះនៅឡើយទេ ។

យោងតាមការពិនិត្យរបស់ Simple Flying ទៅលើឯកសារកាលវិភាគហោះហើររបស់ក្រុមហ៊ុន SQ24 គឺជាជើងហោះហើរឆ្ពោះទៅទិសខាងកើតនៃផ្លូវហោះហើរពាណិជ្ជកម្មដោយផ្ទាល់ (non-stop) ដែលមានរយៈពេលយូរជាងគេបំផុតនៅលើពិភពលោក ដោយគ្របដណ្តប់លើចម្ងាយ ១៥,៣៤៩ គីឡូម៉ែត្រ រវាងអាកាសយានដ្ឋាន Changi និងអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងរយៈពេលប្រហែល ១៨ ម៉ោង និង ៥០ នាទី ។

ក្រុមហ៊ុន SIA បានប្រាប់ Mothership ថា អ្នកដំណើរត្រូវបានផ្តល់ជូននូវអាហារសម្រន់ និងការជួយជ្រោមជ្រែងផ្សេងទៀតនៅពេលដែលយន្តហោះកំពុងចាក់បំពេញប្រេង ។

អ្នកនាំពាក្យម្នាក់បានប្រាប់ AsiaOne ថា៖ «SIA សូមអភ័យទោសចំពោះអតិថិជនទាំងអស់ចំពោះភាពរអាក់រអួលដែលបានកើតឡើង»។

ទិន្នន័យពី Flightradar24 បង្ហាញថា យន្តហោះដដែលនោះបានរំកិលចេញពីចំណតនៅម៉ោង ១១:៥៨ យប់ ហើយបានហោះឡើងនៅម៉ោងប្រហែល ១២:១២ ព្រឹក ថ្ងៃទី ១៥ ខែកញ្ញា។ វាបានទៅដល់ព្រលានយន្តហោះ JFK នៅម៉ោងប្រហែល ៥:៣៧ ព្រឹក ម៉ោងនៅទីក្រុងញូវយ៉ក ដែលយឺតជាងកាលវិភាគប្រហែល ១០ ម៉ោង និង ៤៥ នាទី ។