អ៊ុយក្រែនវាយប្រហារឃ្លាំងទំនិញជាក្រុមហ៊ុនលក់ទំនិញតាមអនឡាញធំបំផុតរបស់រុស្ស៊ី

3

ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនទៅលើឃ្លាំងទំនិញធំៗចំនួនពីររបស់ក្រុមហ៊ុន Wildberries ក្រុមហ៊ុនលក់ទំនិញតាមអនឡាញធំបំផុតរបស់រុស្ស៊ី (មានតម្លៃខ្លួនប្រហែល ១២,៦ ប៊ីលានដុល្លារ) បានសម្លាប់មនុស្ស ៨ នាក់ និងរបួស ៦២ នាក់។

 

ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្ស ៧ នាក់ស្លាប់នៅឃ្លាំងក្នុងក្រុង Tambov និងម្នាក់ទៀតស្លាប់នៅឃ្លាំងក្នុងក្រុង Elektrostal ក្បែរទីក្រុងម៉ូស្គូ ខណៈដែលមន្ត្រីរុស្ស៊ីអះអាងថាបានបាញ់ទម្លាក់ដ្រូនរាប់សិបគ្រឿង រួមទាំងមានការវាយប្រហារលើដេប៉ូប្រេងមួយកន្លែងផងដែរ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងអ្នកជំនាញយោធា បានការពារសកម្មភាពនេះថាជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ីលើជនស៊ីវិលអ៊ុយក្រែន និង ជាយុទ្ធសាស្ត្រកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់យោធា ដោយពួកគេបានសង្កត់ធ្ងន់ថា ឃ្លាំងរបស់ Wildberries គឺជាមជ្ឈមណ្ឌលភស្តុភារដ៏សំខាន់ដែលត្រូវបានប្រើប្រាស់ដើម្បីផ្គត់ផ្គង់សមាសធាតុហាមឃាត់សម្រាប់ផលិតដ្រូន ក៏ដូចជាឧបករណ៍យោធាផ្សេងៗដូចជាអាវក្រោះ និងវិទ្យុទាក់ទងដែលទិញដោយក្រុមអ្នកស្ម័គ្រចិត្តរុស្ស៊ី។

ការវាយប្រហារដ៏ខ្លាំងក្លានេះ គឺជាផ្នែកមួយនៃយុទ្ធនាការទ្រង់ទ្រាយធំរបស់អ៊ុយក្រែនក្នុងការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងភស្តុភាររបស់រុស្ស៊ី ដែលខាងទីក្រុងគៀវ (Kyiv) អះអាងថាបានធ្វើឱ្យសមត្ថភាពចម្រាញ់ប្រេងរបស់រុស្ស៊ីធ្លាក់ចុះជិត ៤៣% រហូតបណ្តាលឱ្យមានកង្វះខាតប្រភពឥន្ធនៈក្នុងស្រុក ដែលសូម្បីតែលោក វ្ល៉ាឌីមៀ ពូទីន ក៏បានទទួលស្គាល់ផងដែរ ៕