ចិនសម្រេចចិត្តដាក់ទណ្ឌកម្មរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន

0 0

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានប្តេជ្ញាបន្តបំពេញតួនាទីរបស់ខ្លួន និងប្រឈមមុខនឹងអ្វីដែលលោកហៅថា រឿងអាក្រក់  និង ការបោកប្រាស់របស់ប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសដាក់ទណ្ឌកម្មលើរូបលោក និង សាច់ញាតិជិតស្និទ្ធ ។

 

ក្រសួងការបរទេសចិនបានប្រកាសដាក់ទណ្ឌកម្មនេះ ដោយសារតែអ្វីដែលខ្លួនហៅថា “ការថ្លែងការណ៍ខុសឆ្គងជាដដែលៗពាក់ព័ន្ធនឹងប្រទេសចិន” ដោយលោក Teodoro កាលពីពេលថ្មីៗនេះ បានលើកឡើងនៅក្នុងកិច្ចសន្ទនា Shangri-La Dialogue ថា ប្រទេសចិនកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកនយោបាយ និង ដែនដី ។

 

ក្រសួងការបរទេសហ្វីលីពីនបានថ្កោលទោសទណ្ឌកម្មនេះថាជា ទង្វើមិនរាប់អាន (unfriendly act) ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែមានភាពស្មុគស្មាញ និង រារាំងដល់ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma. Theresa Lazaro បានថ្លែងថា ហ្វីលីពីនមិនគាំទ្រការប្រើប្រាស់ទណ្ឌកម្មឡើយ ហើយផ្តល់អាទិភាពលើការចរចា និងការទូត ដោយលោកស្រីនឹងស្វែងរកការពិភាក្សាជាមួយអាជ្ញាធរចិនលើបញ្ហានេះ ។

 

ភាពតានតឹងផ្នែកសមុទ្របាននិងកំពុងកើនឡើង ខណៈដែលប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានជំរុញការតបតប្រឆាំងនឹងអ្វីដែលហ្វីលីពីនមើលឃើញថាជាការឈ្លានពានរបស់ចិននៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ។

 

ចំណាត់ការនេះបានធ្វើឱ្យលោក Teodoro ក្លាយជាមន្ត្រីបរទេសចុងក្រោយគេម្នាក់ដែលរងទណ្ឌកម្មពីទីក្រុងប៉េកាំង ដូចទៅនឹងមន្ត្រីអន្តរជាតិផ្សេងទៀតនាពេលកន្លងមក រួមមាន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio (រងទណ្ឌកម្មកាលពីឆ្នាំ ២០២០) និង សមាជិកសភាសហភាពអឺរ៉ុបមួយចំនួន (រងទណ្ឌកម្មកាលពីឆ្នាំ ២០២១)។ ទោះជាយ៉ាងណា កន្លងមកចិនតែងតែស្វែងរកដំណោះស្រាយការទូត ឬលុបចោលទណ្ឌកម្មទាំងនោះវិញ នៅពេលដែលខ្លួនត្រូវផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពភូមិសាស្ត្រនយោបាយទូលំទូលាយ ៕

Leave A Reply

Your email address will not be published.