រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច ជំរុញ​ឱ្យ​ធនាគារ​ពិភព​លោក ពន្លឿន​រៀបចំកញ្ចប់​អន្តរាគមន៍ពិសេស​សម្រាប់​កម្ពុជា ដើម្បីឆ្លើយតបបន្ទាន់​ទៅនឹងវិបត្តិ

0 5

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញ​ និង​ស្នើឱ្យ​​ធនាគារ​ពិភពលោក ​ធ្វើ​ការ​​ពិនិត្យ និងរៀបចំ​កញ្ចប់អន្តរាគមន៍​ពិសេស​ជាក់​ស្តែង សម្រាប់​កម្ពុជា ដើម្បី​ឆ្លើយតបបន្ទាន់ទៅនឹង​វិបត្តិ ដែលកម្ពុជាបានជួបប្រទះ​កន្លងមក ក៏ដូចជា​​សម្ពាធពីផលប៉ះពាល់​ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា នាពេលបច្ចុប្បន្ន។​

លោក អូន ព័ន្ធមុនីរ័ត្ន ​​លើក​ឡើងបែបនេះ នៅពេលលោក​​បាន​ជួប​ពិភាក្សាការងារ​ជាមួយ​លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក ប្រចាំ​នៅ​កម្ពុជា ស្តីពីការ​វាយ​តម្លៃ​ពី​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា ក្នុង​បរិការណ៍​នៃ​វិបត្តិ និង​ការ​ត្រៀម​ខ្លួន​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ឆ្លើយ​តប​បន្ទាន់​ទៅ​នឹងវិបត្តិ ដោយ​បាន​រៀបចំ​​​ធ្វើ​​នៅ​ទីស្នាក់ការ​ក្រសួង​សេដ្ឋកិច្ច កាល​ពី​​ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៦។

នៅក្នុងជំនួប​នោះ លោកស្រី Tania Meyer បានថ្លែង​អំណរគុណ​​ដល់លោក អូន ព័ន្ធមុនីរ័ត្ន ដែលបាន​អនុញ្ញាត​ឱ្យ​លោកស្រី និងសហការី ចូល​ជួប​ពិភាក្សាការងារ និង​ជម្រាប​ជូន​អំពី​លទ្ធផល​នៃ​ការ​សិក្សា និង​វិធាន​ការ​គន្លឹះ​មួយ​ចំនួន សម្រាប់​ឆ្លើយតប​បន្ទាន់​ទៅ​សម្ពាធ​ពី​ផល​ប៉ះ​ពាល់ ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា បន្ថែមលើ​វិបត្តិ​ដែល​កម្ពុជា​បាន​ជួប​ប្រទះ​កន្លងមក។

ចំណែក​លោក អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​ធនាគារ​ពិភព​លោក ក្នុង​កិច្ច​ដំណើរការ​អភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ច​កម្ពុជា​នៅ​គ្រប់​ដំណាក់កាល និង​បាន​ថ្លែងអំពី​តួនាទីដ៏​សំខាន់​របស់​ធនាគារពិភព​លោក ដែល​មិន​ត្រឹមតែ​ជា​ដៃ​គូ​អភិវឌ្ឍន៍​​ជា​ប្រពៃណីដ៏រឹងមាំរបស់​កម្ពុជា​ប៉ុណ្ណោះទេ តែថែម​ទាំង​ជា​ធនាគារ​ចំណេះដឹង (Knowledge Bank) ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ចំណេះ​ដឹង ជំនាញ និង​បទពិសោធន៍​យ៉ាង​សម្បូរ​បែប​លើ​គ្រប់វិស័យ​ទៀត​ផង។

ពាក់ព័ន្ធនឹងការឆ្លើយ​តប​ទៅនឹងវិបត្តិកន្លងមក លោក អូន ព័ន្ធមុនីរ័ត្ន បាន​ឱ្យ​ដឹង​ថា កម្ពុជា​បានគិតគូរ និង​ដាក់​ចេញ​នូវ​វិធានការ​ដោះស្រាយ​ជា​បន្តបន្ទាប់​ភ្លាមៗ ចាប់តាំង​ពី​ការរីលរាតត្បាត​នៃជំងឺ​កូវីដ ១៩ កន្លងមក រួមទាំង​បញ្ហានៅ​តាម​ព្រំដែន​កម្ពុជា-ថៃ និង​បន្ត​រហូត​ដល់​សង្រ្គាម​នៅមជ្ឈិមបូព៌ា​នា​ពេលនេះ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន មកលើ​ជីវភាព​ប្រជាជន, សកម្មភាព​អាជីវកម្ម និង​ធានា​ស្ថិរភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ។

ដោយឡែក ចំពោះ​សង្រ្គាម​នៅ​មជ្ឈិមបូព៌ា​នាពេលនេះ បាន​ជះឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ ចំពោះ​និរន្តរភាព​នៃ​ការ​ផ្គត់ផ្គង់​ថាមពល ដោយ​រាជរដ្ឋាភិបាល​បាន​ចាត់​វិធានការ​បន្ទាន់​រួម​មាន ការ​ចាត់​ជាបន្ទុក​របស់រដ្ឋ​នូវ​អាករលើ​តម្លៃ​បន្ថែម ចំពោះ​ការ​ផ្គត់ផ្គង់​ប្រេង​ម៉ាសូត និង​ឧស្ម័ន LPG ដែល​បានធ្វើឱ្យ​រាជរដ្ឋាភិបាល​បាត់​បង់​ចំណូល ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល មាន​តម្រូវការ​ប្រើ​ប្រាស់ថវិកា​បន្ថែម សម្រាប់​គាំទ្រ​ដល់​ការងារ​គាំពារ​សង្គម។

លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា៖ «លទ្ធផល​នៃ​ការសិក្សា​របស់​ក្រុម​អ្នកជំនាញ​នៃធនាគារ​ពិភពលោក​នា​ពេល​នេះ គឺ​ជា​ធាតុ​ចូល​ដ៏មានសារៈសំខាន់​ដែល​គ្រប​ដណ្តប់​ទាំង​ទិដ្ឋភាពគោល​នយោបាយ និង​ទិដ្ឋភាព​ហិរញ្ញប្បទាន សម្រាប់​រាជរដ្ឋាភិបាល ពិនិត្យ និង​រៀបចំ​កញ្ចប់អន្តរាគមន៍​​ពិសេស​ជាក់​ស្តែង​ក្នុងការ​ឆ្លើយ​តប​បន្ទាន់​ទៅ​នឹង​វិបត្តិ ឱ្យ​កាន់​តែ​ចំគោល​ដៅ និងកាន់​តែ​គ្រប់​ជ្រុងជ្រោយ ប្រកប​ដោយ​ភាព​ប្រាកដ​និយម សហថាមភាព និង​ប្រសិទ្ធភាព​ខ្ពស់ ដែល​នឹងអាច​ធានា​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​កម្ពុជាប្រកបដោយចីរភាព និងភាពធន់ សម្រាប់រយៈពេលមធ្យម និងវែង»។

ជាមួយគ្នានេះ លោកស្រី Tania Meyer ​បាន​គូស​បញ្ជាក់​អំពី​ការ​ប្តេជ្ញាចិត្ត​របស់ធនាគារ​ពិភពលោក ដោយ​សហការ​ជាមួយ​ដៃ​គូអភិវឌ្ឍន៍​សំខាន់ៗ​ផ្សេង​ទៀត ដើម្បី​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការរៀបចំ​កញ្ចប់​អន្តរាគមន៍ ឆ្លើយ​តបបន្ទាន់​ទៅនឹ​ងវិបត្តិ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណសារជាថ្មី និងវាយតម្លៃ​ខ្ពស់​ចំពោះ កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​ធនាគារពិភព​លោក និង​ស្នើ​លោកស្រី Tania Meyer បន្ត​សហការ និងពិភាក្សា​ការងារ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដៃ​គូអភិវឌ្ឍន៍​នានា រួម​ទាំង​ភាគី​ពាក់​ព័ន្ធ ដើម្បី​ពន្លឿន​ការ​រៀបចំ​កញ្ចប់​អន្តរាគមន៍​ពិសេស​នេះ ឱ្យ​លេច​ចេញ​ជា​រូបរាង​ឡើង ដើម្បី​អាច​អនុវត្ត​បាន​ក្នុង​ពេលឆាប់ៗ​ខាងមុខនេះ៕

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.