បន្ទាប់ពីការបិទផ្លូវទឹកនៅច្រកសមុទ្រ Hormuz ដោយសហរដ្ឋអាមេរិក ប្រទេសអ៊ីរ៉ង់កំពុងកំណត់គោលដៅថ្មីលើការគ្រប់គ្រងខ្សែបណ្តាញអ៊ីនធឺណិតក្រោមបាតសមុទ្រដែលរត់កាត់ក្រោមផ្លូវទឹកនេះ ។ ទីក្រុងតេអេរ៉ង់មានផែនការគិតថ្លៃអាជ្ញាប័ណ្ណពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សពិភពលោក (ដូចជា Google, Microsoft, Meta និង Amazon) និងបង្ខំឱ្យក្រុមហ៊ុនទាំងនោះប្រើប្រាស់តែក្រុមហ៊ុនអ៊ីរ៉ង់សម្រាប់ការជួសជុល និង ថែទាំ ។
អ៊ីរ៉ង់មានគោលដៅបង្វែរឥទ្ធិពលភូមិសាស្ត្ររបស់ខ្លួនទៅជាអំណាចសេដ្ឋកិច្ច និងយុទ្ធសាស្ត្ររយៈពេលវែង។ តាមរយៈការបង្កើតផែនការគំរាមកំហែងដល់សេដ្ឋកិច្ចឌីជីថលសកល អ៊ីរ៉ង់សង្ឃឹមថានឹងបង្កើតជាខែលការពារមួយទៀតដ៏មានតម្លៃដើម្បីកុំឱ្យមានកម្លាំងខាងក្រៅណាហ៊ានវាយប្រហារលើរបបដឹកនាំរបស់ខ្លួនទៀតឡើយ ។
គេនៅមិនទាន់ច្បាស់ទេថាតើអ៊ីរ៉ង់នឹងអនុវត្តវិធានការនេះដោយរបៀបណាទេ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗត្រូវបានហាមឃាត់មិនឱ្យធ្វើការទូទាត់ប្រាក់ទៅឱ្យអ៊ីរ៉ង់ ដោយសារតែទណ្ឌកម្មដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យក្រុមហ៊ុនទាំងនោះយល់ថា ការថ្លែងការណ៍របស់ទីក្រុងតេអេរ៉ង់គ្រាន់តែជាការគំរាមកំហែងខាងនយោបាយ ប៉ុន្តែមិនមែនជាគោលនយោបាយពិតប្រាកដប្រជានោះទេ ។
កងកម្លាំងមុជទឹក នាវាមុជទឹកខ្នាតតូច និង ដ្រូនក្រោមទឹក កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) អាចបង្កជាការគំរាមកំហែងផ្នែករូបវន្តដល់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ហើយអ្នកជំនាញព្រមានថា ការកាត់ផ្តាច់ខ្សែបណ្តាញទាំងនេះអាចបង្កជាការរំខានជាបន្តបន្ទាប់ពាសពេញទ្វីប វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអ៊ីនធឺណិត និងធនាគារសម្រាប់បណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្ស, បំផ្លាញឧស្សាហកម្មប្រភពក្រៅ (Outsourcing) ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ឥណ្ឌា និងរំខាន់ការជួញដូរហិរញ្ញវត្ថុរវាងអឺរ៉ុប និងអាស៊ី និង បណ្តាលឱ្យដាច់អ៊ីនធឺណិតនៅផ្នែកខ្លះនៃអាហ្វ្រិកខាងកើត។
ទោះបីជាមានហានិភ័យខ្ពស់ក្នុងតំបន់ក៏ដោយ ក្រុមហ៊ុនស្រាវជ្រាវ TeleGeography បានកត់សម្គាល់ថា ខ្សែបណ្តាញដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នេះមានចំនួនតិចជាង ១% នៃកម្រិតបញ្ជូន (Bandwidth) អន្តរជាតិសរុបរបស់ពិភពលោក ៕
ប្រភព៖ CNN