ដឹងរឿងអួលដើមករ ដោយសាររស់នៅបែកគ្នា ជាង ១៣ ឆ្នាំ ដល់បានជួបគ្នា កូនមានមហារីកដំណាក់កាលចុងក្រោយ

0 8

លោក Isidoro González Avilés និងអ្នកស្រី Norma Anabel Ramírez Amaya បានជួបជុំគ្នាវិញជាមួយកូនប្រុសអាយុ ១៨ ឆ្នាំ ឈ្មោះ Kevin González នៅរដ្ឋ Durango ប្រទេសម៉ិកស៊ិក កាលពីល្ងាចថ្ងៃសៅរ៍។ ការជួបជុំនេះមានរយៈពេលខ្លីណាស់ ព្រោះ Kevin ដែលមានជំងឺ មហារីកពោះវៀនធំដំណាក់កាលទី ៤ បានទទួលមរណភាពនៅរសៀលថ្ងៃបន្ទាប់ ។

 

Kevin គឺជាពលរដ្ឋអាមេរិក ប៉ុន្តែឪពុកម្តាយរបស់គេធ្លាប់ត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិកពីមុនមក ដែលធ្វើឱ្យការជួបជុំគ្នាមានការលំបាកយ៉ាងខ្លាំង ដោយសារក្រសួងសន្តិសុខមាតុភូមិ (DHS) បានបដិសេធសំណើសុំទិដ្ឋាការមនុស្សធម៌របស់ពួកគេ ដោយសារប្រវត្តិធ្លាប់រស់នៅខុសច្បាប់។ អតីតកាលដើម្បីចង់ឃើញមុខកូន ប្រពន្ធប្តីគូនេះបានព្យាយាមលួចចូលសហរដ្ឋអាមេរិកវិញកាលពីខែមេសា ប៉ុន្តែត្រូវបានចាប់ខ្លួននៅរដ្ឋ Arizona និងជាប់ឃុំអស់រយៈពេលជាច្រើនសប្តាហ៍ ។

 

ចៅក្រមសហព័ន្ធអាមេរិកម្នាក់បានបង្គាប់ឱ្យដោះលែងឪពុកម្តាយរបស់ Kevin កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ពួកគេត្រូវបានបណ្តេញចេញទៅប្រទេសម៉ិកស៊ិកវិញនៅថ្ងៃសុក្រ ដែលអនុញ្ញាតឱ្យពួកគេធ្វើដំណើរទៅជួប Kevin ទាន់ពេលវេលា បន្ទាប់ពី Kevin បានហោះទៅប្រទេសម៉ិកស៊ិកមួយសប្តាហ៍មុន ដើម្បីរង់ចាំជួបឪពុកម្តាយជាលើកចុងក្រោយ ។

 

តំណាងរាស្ត្រអាមេរិក Delia Ramirez បានរិះគន់ការឃុំខ្លួននេះថាជារឿងអមនុស្សធម៌ និង បង្កការឈឺចាប់ដល់គ្រួសារដែលកំពុងជួបទុក្ខលំបាក ខណៈដែលឪពុករបស់ Kevin បានបញ្ជាក់ថា លោកគ្រាន់តែជាកម្មករស្លូតត្រង់ម្នាក់ដែលចង់នៅក្បែរកូនក្នុងដង្ហើមចុងក្រោយតែប៉ុណ្ណោះ ៕

 

https://youtube.com/shorts/ggX8g64dZTE?si=sCZ_26eGy9usC6_S

Leave A Reply

Your email address will not be published.