ភ្នំពេញ: ក្រសួងការពារជាតិកម្ពុជាបានស្វាគមន៍នាយទាហានពីប្រទេសឥណ្ឌូនេស៊ីចំនួនពីររូប ដែលត្រូវបានបញ្ជូនមកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីតាមដាន និងធានាការអនុវត្តវិធានការព្រំដែនរវាងកម្ពុជា និងថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា: “នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៧:២៥នាទី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ មន្ត្រីនៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួលកម្ពុជា (CLG) បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវរសេនីយ៍ទោ DEVI IBROHIM និងវរសេនីយ៍ត្រី RANGGA HADI SAPUTRA”។
នាយទាហានទាំងពីររូបនេះ បានចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាថាវិធានការទាំងឡាយក្នុងសេចក្តីប្រកាសរួមត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។

សេចក្តីប្រកាសបានបញ្ជាក់ថា កម្ពុជាបន្តគាំទ្រយ៉ាងពេញទំហឹងដល់តួនាទីរបស់ក្រុម AOT ហើយសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងអាណត្តិរបស់ក្រុមនេះ ក្នុងការធានាការអនុវត្តបទឈប់បាញ់ និងវិធានការដែលបានឯកភាពគ្នារវាងកម្ពុជា និងថៃ។
ការចូលរួមរបស់បណ្តាប្រទេសជាមិត្ត ត្រូវបានគេមើលថាជាជំហានសំខាន់ក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
រដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងអនុវត្តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗទៀត។
ប្រភព: KhmerPost