អ៊ីស្រាអែលសម្រេចចិត្តចរចាដោយផ្ទាល់ជាមួយលីបង់

0 4

មេដឹកនាំអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ បញ្ចាក់ថា លោក ត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាដោយផ្ទាល់​ជាមួយ​ប្រទេសលីបង់ ក្រោយលោកបញ្ជាឱ្យមានការវាយប្រហារលើប្រទេសលីបង់ ដែលសម្លាប់​មនុស្សរាប់រយនាក់ និងគំរាមកំហែងដល់បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូកាលពីថ្ងៃព្រហស្បតិ៍ ទី ៩មេសា បានលើកឡើងថា​ «ដោយសារតែការស្នើសុំម្តងហើយម្តងទៀតពីលីបង់ក្នុងការបើកការចរចាដោយផ្ទាល់​ជាមួយអ៊ីស្រាអែល លោកបានណែនាំគណៈរដ្ឋមន្ត្រីឱ្យចាប់ផ្តើម​ការចរចាដោយផ្ទាល់ជាមួយ​លីបង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

ការចរចានឹងផ្តោតលើការដកហូតអាវុធពីក្រុមហេសបូឡា និងការបង្កើតទំនាក់ទំនងសន្តិភាព​រវាងប្រទេសអ៊ីស្រាអែល និងលីបង់។

មន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិកម្នាក់ បានបញ្ជាក់ថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមួយនៅ​សប្តាហ៍ក្រោយ​ដើម្បីពិភាក្សាអំពីការចរចាបទឈប់បាញ់​ ដែលកំពុងបន្តរវាងអ៊ីស្រាអែល និងលីបង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera

មុនការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់មេដឹកនាំអ៊ីស្រាអែលនេះ ប្រធានាធិបតីលីបង់លោក យូសេហ្វ អាអូន បាននិយាយថា លោកកំពុងធ្វើការលើផ្លូវការទូតលើបញ្ហាមួយនេះ ដែលកំពុងត្រូវបានមើលឃើញ​ថាមានភាពវិជ្ជមាន ដោយភាគីអន្តរជាតិ។ គណៈរដ្ឋមន្ត្រីលីបង់បានណែនាំឱ្យកងកម្លាំងសន្តិសុខ​កំណត់អាវុធនៅក្នុងទីក្រុងបេរូត ឱ្យស្ថិតតែក្រោមស្ថាប័នរដ្ឋប៉ុណ្ណោះ ក្នុងន័យព្រមានទៅកាន់​ក្រុមប្រដាប់អាវុធហេសបូឡា។

លោក យូសេហ្វ អាអូន បានបង្ហោះនៅលើបណ្តាសង្គមXថា «ដំណោះស្រាយតែមួយគត់ ចំពោះស្ថានភាព​ដែលកំពុងបន្តនៅក្នុងប្រទេស គឺការសម្រេចឱ្យមានបទឈប់បាញ់ លោកនឹងមិនអនុញ្ញាតឱ្យមាន​ជម្លោះផ្ទៃ​ក្នុងកើតឡើងឡើយ ហើយប្រជាជនគ្រប់រូបត្រូវតែជឿជាក់លើរដ្ឋាភិបាល និងកងកម្លាំងស្របច្បាប់ ព្រោះគ្មានការសង្គ្រោះណាមួយដែលកើតឡើង​ដោយគ្មានកងកម្លាំង​ស្របច្បាប់នោះទេ។

គួរឱ្យដឹងផងដែរថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានប្រកាសថា ប្រទេសលីបង់មិនត្រូវបានរួមបញ្ចូល​នៅក្នុងបទឈប់បាញ់រយៈពេលពីរសប្តាហ៍នោះទេ តែប្រទេសអ៊ីរ៉ង់ និងប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលបាននិយាយថា លីបង់ត្រូវបានរួមបញ្ចូលនៅក្នុងបទឈប់បាញ់ ហើយមេដឹកនាំអន្តរជាតិជាច្រើនក៏បានអំពាវនាវឱ្យរួមបញ្ចូលប្រទេសលីបង់ផងដែរ។

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.