លោកត្រាំព្រមានធ្ងន់ៗថាបទឈប់បាញ់នឹងគ្មានទៀតទេ បើអ៊ីរ៉ងគ្មានកិច្ចព្រមព្រៀងនៅថ្ងៃពុធនេះ

0 3

លោក ដូណាល់ ត្រាំព្រមានធ្ងន់ៗថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់នឹងបញ្ចប់នៅល្ងាចថ្ងៃទី២២ មេសា ហើយអាមេរិកមិនពន្យាពេលបន្ថែមទៀតឡើយ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវ បានធ្វើឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN

អនុប្រធានាធិបតីលោក JD Vance និងមន្ត្រីជាន់ខ្ពស់អាមេរិក ត្រូវបានគេរំពឹងថា​នឹងចេញដំណើរទៅកាន់​ប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារទី២១នេះ មុនកិច្ចចរចាសន្តិភាពជុំទី២ដែលអាចកើតមានឡើង។

ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយ CNN នៅល្ងាចថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបង្ហាញភាពជឿជាក់ថា ទីក្រុងតេអេរ៉ង់នឹងមកចូលរួមតុចរចា ខណៈលោកក៏បានព្រមានពីផលវិបាក ប្រសិនបើអ៊ីរ៉ងមិនចូលរួម បើទោះបីជាក្រសួងការបរទេសអ៊ីរ៉ង់​ធ្លាប់បាននិយាយថា​មិនមានការចរចា​ណាមួយដែលអាចកើតមានឡើងនៅពេលនេះក៏ដោយ។

លោកត្រាំបាននិយាយថា «ពួកគេនឹងចូលមកកាន់តុចរចា ហើយបើពួកគេមិនចូលរួម នោះពួកគេនឹង​ប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់ឃើញពីមុនមក លោកសង្ឃឹមថាអ៊ីរ៉ងនឹងធ្វើកិច្ចព្រមព្រៀងយ៉ាង​យុត្តិធម៌ ហើយកសាងប្រទេសរបស់ពួកគេឡើងវិញ នៅពេលនោះពួកគេនឹងមិនមាន​អាវុធនុយក្លេអ៊ែរនោះទេ»។

មុនបញ្ចប់បទសម្ភាសន៍តាមទូរស័ព្ទ លោកត្រាំបានបន្ថែមថា មូលហេតុដែលលោកគាំទ្រ​ការប្រើប្រាស់កម្លាំងយោធា ព្រោះអាមេរិកគ្មានជម្រើសណាផ្សេងជាមួយប្រទេសអ៊ីរ៉ង់ទេ ដូច្នេះអាមេរិកត្រូវតែធ្វើការងារនេះ ខណៈកន្លងមកអាមេរិកធ្លាប់បានធ្វើការងារនេះបានយ៉ាងល្អ ហើយនឹងបញ្ចប់វា ដោយធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត។

ទន្ទឹមនឹងនេះដែរ កិច្ចចរចាជុំទីពីររវាងអ៊ីស្រាអែល និងលីបង់ ក៏នឹងកើតមានឡើងផងដែរ ដូច ការគ្រោងទុកនៅថ្ងៃព្រហស្បតិ៍ទី២៣មេសា។ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក

គួរអោយដឹងផងដែរថា កាលពីថ្ងៃចន្ទម្សិលមិញនេះ មានតែកប៉ាល់ចំនួន១៦គ្រឿងប៉ុណ្ណោះ​ដែលបានឆ្លងកាត់តាមច្រកសមុទ្រហ័រមូសដែលជាផ្លូវឆ្លងកាត់ដឹកជញ្ជូនដ៏សំខាន់មួយរបស់ពិភពលោក ខណៈដែលប្រធានកប៉ាល់ និងម្ចាស់កប៉ាល់នៅតែមានការប្រុងប្រយ័ត្ន ដោយសារបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់មិនមានស្ថិរភាព៕

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.