ជប៉ុនប្រកាសបើកទ្វារចូលក្នុងទីផ្សារលក់អាវុធរបស់ពិភពលោក ក្រោយពីការកែប្រែច្បាប់នាំចេញឧបករណ៍ដែលផ្គត់ផ្គង់លើវិស័យការពារជាតិ ដោយលុបចោលលើការរឹតបន្តឹងលើការលក់អាវុធទៅក្រៅប្រទេស និងធ្វើការបើកផ្លូវសម្រាប់ការនាំចេញនាវាចម្បាំង មីស៊ីល និងអាវុធផ្សេងៗទៀតបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ
ជំហាននេះមានគោលបំណងពង្រឹងឧស្សាហកម្មការពារជាតិរបស់ជប៉ុន ហើយក៏បង្ហាញថា ជប៉ុនកំពុងផ្លាស់ប្តូរចេញពីគោលនយោបាយសន្តិភាព បន្ទាប់ពីជប៉ុនបានចាញ់សង្គ្រាម ហើយត្រូវបានកំណត់នូវការប្រើប្រាស់កម្លាំងយោធារបស់ខ្លួន។
ខណៈសង្គ្រាមដែលកំពុងកើតឡើងនៅអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា កំពុងធ្វើឲ្យការផលិតអាវុធរបស់សហរដ្ឋអាមេរិកមានភាពតានតឹង វាក៏ជាច្រកថ្មីបើកឱកាសសម្រាប់ប្រទេសជប៉ុនផងដែរ។
ក្នុងពេលជាមួយគ្នានេះ ប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកនៅអឺរ៉ុប និងអាស៊ី ក៏កំពុងស្វែងរកអ្នកផ្គត់ផ្គង់ថ្មីៗ ព្រោះការធានាសន្តិសុខពីអាមេរិក មើលទៅមិនច្បាស់លាស់ដូចមុនក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី បានបង្ហោះសារនៅលើបណ្តាញសង្គម Xនៅថ្ងៃអង្គារទី២១ មេសាថា៖«គ្មានប្រទេសណាមួយអាចការពារសន្តិភាព និងសុវត្ថិភាពរបស់ខ្លួនតែម្នាក់ឯងបានទេ ដូច្នេះការសហការជាមួយប្រទេសដៃគូដែលផ្គត់ផ្គង់ឧបករណ៍ការពារជាតិ លើវិស័យយោធា គឺជារឿងចាំបាច់បំផុត»។
ការកែប្រែដែលរដ្ឋាភិបាលរបស់លោកស្រី តាកាអ៊ីឈី បានអនុម័ត គឺបានលុបចោលប្រភេទនាំចេញ ៥ប្រភេទ ដែលពីមុនការកំណត់ច្បាប់នាំចេញ គឺអាចនាំចេញតែឧបករណ៍យោធាដូចជា ការដឹកជញ្ជូន ឧបករណ៍សង្គ្រោះ ឧបករណ៍ព្រមាន ឧបករណ៍តាមដាន និងឧបករណ៍ដោះមីនប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ជប៉ុននៅតែរក្សាគោលការណ៍សំខាន់៣ចំណុច គឺ ត្រួតពិនិត្យយ៉ាងតឹងរឹងមុនធ្វើការលក់ គ្រប់គ្រងការផ្ទេរទៅកាន់ប្រទេសទី៣ និងធ្វើការហាមឃាត់លក់អាវុធទៅកាន់ប្រទេសដែលកំពុងមានសង្គ្រាម ប៉ុន្តែរដ្ឋាភិបាលបានបញ្ជាក់ថា អាចមានការលើកលែងខ្លះ ប្រសិនបើចាំបាច់សម្រាប់ករណីការពារសន្តិសុខជាតិ។
មន្ត្រីជប៉ុនបានឲ្យដឹងថា មានប្រទេសជាច្រើន ដូចជា ប៉ូឡូញ និងហ្វីលីពីន កំពុងពិចារណាទិញអាវុធពីជប៉ុន ខណៈពួកគេកំពុងធ្វើទំនើបកម្មយោធា ហើយកិច្ចព្រមព្រៀងដំបូងអាចជាការនាំចេញនាវាចម្បាំងដែលប្រើរួចទៅកាន់ទីក្រុងម៉ានីឡា។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានស្វាគមន៍ការផ្លាស់ប្តូរនេះ ដោយនិយាយថា វានឹងជួយឲ្យប្រទេសទទួលបានឧបករណ៍ការពារជាតិគុណភាពខ្ពស់ និងជួយពង្រឹងស្ថិរភាពក្នុងតំបន់។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំជប៉ុន លោក George Glass បាននិយាយថា៖ «ជំហានប្រវត្តិសាស្ត្រនេះ នឹងជួយពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសដៃគូ និងជួយរក្សាសន្តិភាពក្នុងតំបន់ឲ្យកាន់តែប្រសើរ»៕
ប្រភព៖ PostKhmer