យោធាសហរដ្ឋអាមេរិកស្ទាក់ចាប់នាវាដឹកប្រេងដែលមានទង់ជាតិអ៊ីរ៉ង់យ៉ាងហោចណាស់បីគ្រឿងនៅក្នុងដែនទឹកអាស៊ី ហើយកំពុងបង្វែរទិសដៅរបស់នាវាទាំងនោះចេញពីទីតាំងរបស់វានៅជិតប្រទេសឥណ្ឌា ម៉ាឡេស៊ី និងស្រីលង្កា។ នេះបើតាមសារព័ត៌មានរ៉យទ័រ
កម្តៅនៅច្រកសមុទ្រហ័រមូសនៅតែបន្ត ដោយពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់ការបិទផ្លូវពាណិជ្ជកម្មរបស់អ៊ីរ៉ង់តាមសមុទ្រ ខណៈដែលអ៊ីរ៉ង់បានបាញ់ទៅលើនាវាផ្សេងៗ ដើម្បីរារាំងមិនឱ្យធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនៃច្រកសមុទ្រហ័រមូសនៅច្រកចូលទៅកាន់ឈូងសមុទ្រមជ្ឈិមបូព៌ា។
ការបិទច្រកសមុទ្រហ័រមូសនេះបានរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នមួយភាគប្រាំរបស់ពិភពលោក និងបណ្តាលឱ្យមានវិបត្តិថាមពលសកល។
មិនតែប៉ុណ្ណោះ កងកម្លាំងសហរដ្ឋអាមេរិកបានរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង និងនាវាដឹកប្រេងមួយគ្រឿងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ចំណែកអ៊ីរ៉ង់បាននិយាយថា ខ្លួនក៏បានចាប់នាវាកុងតឺន័រពីរគ្រឿងវិញផងដែរ ដែលកំពុងស្វែងរកការចាកចេញពីឈូងសមុទ្រតាមរយៈច្រកសមុទ្រហ័រមូសកាលពីថ្ងៃពុធ បន្ទាប់ពីពួកគេបានបាញ់ទៅលើនាវាទាំងនោះ ហើយអ៊ីរ៉ង់ ថែមទាំងបានរឹបអូសនាវា១គ្រឿងទៀតជាលើកដំបូងរបស់ខ្លួនចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។
ជាការឆ្លើយតប សហរដ្ឋអាមេរិកបានស្ទាក់ចាប់ និងបង្វែរទិសដៅនាវាដឹកប្រេងដែលមានទង់ជាតិអ៊ីរ៉ង់យ៉ាងហោចណាស់បីគ្រឿងបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើយោងតាមប្រភពដឹកជញ្ជូនពីររបស់សហរដ្ឋអាមេរិក និងឥណ្ឌា និងប្រភពសន្តិសុខសមុទ្រលោកខាងលិចពីរដាច់ដោយឡែកពីគ្នាដែលបាននិយាយទៅកាន់រ៉យទ័រកាលពីថ្ងៃពុធ។
យោធាអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការស្ទាក់ចាប់នោះទេ។
នាវាមួយក្នុងចំណោមនាវាទាំងនោះគឺជានាវាដឹកប្រេងដ៏ធំដែលមានទង់ជាតិអ៊ីរ៉ង់ ដែលផ្នែកខ្លះផ្ទុកដោយប្រេងឆៅ ហើយត្រូវបានគេឃើញចុងក្រោយនៅលើឧបករណ៍ចាប់សញ្ញាសាធារណៈរបស់ខ្លួននៅឯឆ្នេរសមុទ្រម៉ាឡេស៊ីកាលពីមួយសប្តាហ៍មុន។ នេះបើយោងតាមប្រភព និងទិន្នន័យតាមដាននាវានៅលើវេទិកា MarineTraffic
នាវា Sevin ដែលមានទង់ជាតិអ៊ីរ៉ង់តូចជាង ដែលមានសមត្ថភាពអតិបរមា 1 លានបារ៉ែល និងកំពុងផ្ទុក 65% នៃបន្ទុករបស់វា ក៏ត្រូវបានស្ទាក់ចាប់ផងដែរ។
នាវានេះត្រូវបានគេឃើញចុងក្រោយនៅឯឆ្នេរសមុទ្រម៉ាឡេស៊ីកាលពីមួយខែមុន ដោយទិន្នន័យតាមដាននាវាបានបង្ហាញថា នាវាដឹកប្រេង Dorena ដែលមានទង់ជាតិអ៊ីរ៉ង់ក៏ត្រូវបានស្ទាក់ចាប់ផងដែរ ដែលផ្ទុកពេញដោយប្រេងឆៅចំនួន 2 លានបារ៉ែល ហើយត្រូវបានគេឃើញចុងក្រោយនៅឯឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសឥណ្ឌាកាលពីបីថ្ងៃមុន។ នេះបើយោងតាមប្រភព និងទិន្នន័យតាមដានកប៉ាល់នៅលើវេទិកា MarineTraffic។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធនៅក្នុងការបង្ហោះមួយនៅលើ X ថា នាវា Dorena ស្ថិតនៅក្រោមការអមដំណើររបស់នាវាពិឃាតកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅក្នុងមហាសមុទ្រឥណ្ឌា បន្ទាប់ពីព្យាយាមរំលោភលើការបិទផ្លូវ។
ប្រភពដឹកជញ្ជូនបាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិកប្រហែលជាបានស្ទាក់ចាប់នាវាដឹកប្រេង Derya ដែលមានទង់ជាតិអ៊ីរ៉ង់។
នាវានេះបានបរាជ័យក្នុងការបង្ហូរប្រេងអ៊ីរ៉ង់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា មុនពេលការលើកលែងរបស់សហរដ្ឋអាមេរិកលើការទិញប្រេងឆៅរបស់អ៊ីរ៉ង់ផុតកំណត់នៅថ្ងៃអាទិត្យ។
នាវានោះត្រូវបានគេឃើញចុងក្រោយនៅឯឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ នេះបើយោងតាមទិន្នន័យ MarineTraffic។
ប្រភព៖ PostKhmer