កម្ពុជា និង JICA ​​ប្ដេជ្ញា​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជាដៃ​គូសម្រាប់​ការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន

0 5

កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ​បាន​បញ្ជាក់​ជាថ្មីនូវ​ការ​ប្ដេជ្ញាចិត្ត​រួមគ្នា ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​​ភាព​ជាដៃ​គូ សម្រាប់​ការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន ហើយ​កម្ពុជា ក៏​បាន​ស្នើ​សម្រាប់ការគាំទ្រ​​ជា​បន្តបន្ទាប់ពី JICA នៅក្នុង​វិស័យអាទិភាព​សំខាន់ចំនួន​២ទៀត​ផងដែរ។

ការ​ប្តេជ្ញា​ចិត្តនេះ ត្រូវបាន​ធ្វើឡើង​ នៅពេល លោក ជុំ សុន្ទរី ឯកអគ្គរាជទូត​តែង​តាំង​​នៃព្រះរាជាណាចក្រកម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​ចូល​ជួបសម្ដែង​ការគួរសមជាមួយ​លោក​បណ្ឌិត តាណាកា អាគិហិក ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន នៅទីស្នាក់ការកណ្ដាល JICA ក្នុងទីក្រុងតូក្យូ កាល​ពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

តាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាន​ឯករាជទូត​កម្ពុជា​ប្រចាំ​ប្រទេសជប៉ុន បាន​ឱ្យដឹង​ថា នៅ​ក្នុងកិច្ចប្រជុំនេះ លោក ជុំ សុន្ទរី បានកោតសរសើរ​ចំពោះភាពជាដៃគូយូរអង្វែង និងដ៏មានតម្លៃបំផុតរបស់ JICA ជាមួយប្រទេសកម្ពុជា ដោយ​ JICA បាន​រួមចំណែកយ៉ាងសំខាន់​ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ជាពិសេស​នៅ​ក្នុង​វិស័យ​សំខាន់ៗ ដូចជា ការអភិវឌ្ឍ ហេដ្ឋា​រចនាសម្ព័ន្ធ ការ​កសាង​សមត្ថភាព​ធនធាន​មនុស្ស និង​ភាពធន់​នឹងគ្រោះមហន្តរាយ។

ចំពោះ​កិច្ចខិតខំប្រឹងប្រែងទាំង​​នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និង​ការ​ធ្វើ​សមាហរណកម្ម​​ក្នុង​តំបន់​​របស់​ប្រទេស​កម្ពុជា ហើយជាមួយគ្នានោះ លោក ជុំ សុន្ទរី ​បាន​គូស​បញ្ជាក់​ «ពីអាទិភាព​​អភិវឌ្ឍន៍​​របស់​​ប្រទេស​កម្ពុជា ដោយ​​សង្កត់ធ្ងន់​លើ​កំណើន​​ប្រកបដោយ​ចីរភាព ការ​ធ្វើពិពិធកម្ម​សេដ្ឋកិច្ច ការ​អភិវឌ្ឍធនធាន​មនុស្ស ភាពធន់​​នឹង​​អាកាស​ធាតុ និង​​បរិវត្តកម្ម​ឌីជីថល»។

នៅក្នុងបរិបទនេះ លោក ជុំ សុន្ទរី បាន​បង្ហាញ​ពី​សំណើ​របស់​ប្រទេសកម្ពុជា សម្រាប់ការគាំទ្រ​​ជា​បន្តបន្ទាប់ពី JICA នៅក្នុង វិស័យអាទិភាព​សំខាន់២ គឺ​ទី​១ ហេដ្ឋារចនា​សម្ព័ន្ធ​យុទ្ធសាស្ត្រ និង​ការតភ្ជាប់ រួម​ទាំងការ​ពង្រីក​កំពង់​ផែ​ស្វយ័ត ក្រុង​ព្រះសីហនុ ឱ្យ​ក្លាយ​ជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ក្នុងតំបន់ ការ​អភិវឌ្ឍប្រព័ន្ធ​ផ្គត់​ផ្គង់ទឹក និង​បញ្ជូន​ថាមពល​ក្នុង​រាជធានីភ្នំពញ និង​ទីក្រុង​សំខាន់ៗ និងការ​ពង្រីកការ​តភ្ជាប់​ក្នុង​តំបន់​នៅ​តាម​ច្រករបៀង​សេដ្ឋកិច្ចភាគ​ខាងត្បូង ដើម្បី​សម្រួល​ដល់ពាណិជ្ជកម្ម ការ​វិនិយោគ និង​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន នៅ​ទូទាំង​អនុ​តំបន់មេគង្គ។

ចំណែក​ទី២ ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន រួម​ទាំង​ការ​ពង្រីកអាហារូបករណ៍​ក្រោម​កម្មវិធី JDS (ជំនួយឥតសំណង​ជប៉ុន​សម្រាប់​​ការ​អភិវឌ្ឍ​ធនធានមនុស្ស) ការ​បណ្ដុះបណ្ដាល​បច្ចេកទេស ភាព​ជាដៃ​គូសា្ថប័ន និង​ការ​កសាង​សមត្ថភាព ហើយ​និង​ការ​បន្តចូលរួម​របស់​អ្នក​ស្ម័គ្រចិត្ត JICA ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ជនបទ ក៏​ដូចជា​ដើម្បី​ពង្រឹងចំណង​មិត្តភាព​រវាង​ប្រជាជន​និងប្រជាជន។

លើសពីនេះ លោក ជុំ សុន្ទរី បាន​​សម្តែង​ចំណាប់​​អារម្មណ៍​​របស់​កម្ពុជា «ក្នុង​ការ​​ពង្រឹង​​កិច្ចសហប្រតិបត្តិការ​ជាមួយ JICA ក្នុង​គំនិត​ផ្ដួច​ផ្ដើម​បរិវត្តកម្មឌីជីថល និង​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​នៃ​ប្រទេស​កម្ពុជា ដែល​គ្មាន​មីន​នៅ​ឆ្នាំ​២០៣០» ហើយ​ភាគីទាំង២ បាន​ផ្លាស់ប្តូរ​ទស្សនៈ​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​មួយ​ចំនួន​ទៀត និង​បាន​បញ្ជាក់​ជាថ្មីនូវ​ការ​ប្ដេជ្ញាចិត្ត​រួមគ្នា ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជាដៃ​គូសម្រាប់​ការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន៕

ប្រភព៖ Postkhmer

Leave A Reply

Your email address will not be published.