សម្តេចធិបតីហ៊ុន ម៉ាណែត៖ រោងចក្រ-សហគ្រាសត្រូវមានបុគ្គលិកក្នុងស្រុក ៩០% និង បរទេសត្រឹម ១០% ប៉ុណ្ណោះ

1

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ស្របតាមច្បាប់ការងាររបស់កម្ពុជា រោងចក្រ ឬក្រុមហ៊ុននីមួយៗ ត្រូវមានបុគ្គលិកក្នុងស្រុក ៩០% និងបុគ្គលិកបរទេសត្រឹម ១០% ប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យមានជនបរទេសធ្វើការលើសជនជាតិខ្មែរឡើយ។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មរថយន្តម៉ាក GAC ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។បើតាមសម្តេចធិបតីការកំណត់កូតាបុគ្គលិកបរទេសត្រឹម១០% នេះ (លើកលែងតែករណីជំនាញបច្ចេកទេសពិសេសណាមួយដែលកំពុងខ្វះខាត) គឺដើម្បីផ្តល់ឱកាសការងារ និងឱកាសរៀនសូត្រដល់កូនខ្មែរ ព្រមទាំងធានាការផ្ទេរចំណេះដឹង និងជំនាញផ្ទាល់ពីការងារ។
ក្រុមហ៊ុនបរទេសភាគច្រើនក៏មិនចង់នាំបុគ្គលិកពីក្រៅប្រទេសមករាប់រយនាក់ដែរ។ ព្រោះបន្ទុកចំណាយខ្ពស់ ។ដូច្នេះការជ្រើសរើសបុគ្គលិកក្នុងស្រុកមកបណ្តុះបណ្តាល គឺជាជម្រើសដ៏ល្អ និងស្របតាមច្បាប់។
សម្តេចធិបតីបានលើកឡើងថា ចំណេះដឹងពីសាលាគឺជាមូលដ្ឋានគ្រឹះ ។ប៉ុន្តែការអនុវត្តការងារជាក់ស្តែងនៅនឹងកន្លែង (សញ្ញាឃើញ) គឺជាកត្តាជួយពង្រីកសមត្ថភាព និងភាពប៉ិនប្រសប់របស់មនុស្សក្នុងការដោះស្រាយបញ្ហាប្រាកដក្នុងជីវភាពការងារ ៕