សម្តេចធិបតីហ៊ុន ម៉ាណែត ណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យរឹតបន្តឹងការគ្រប់គ្រងគុណភាពឱសថ និងគ្រឿងសម្អាង ដើម្បីការពារសុខភាពប្រជាពលរដ្ឋ

7

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងគុណភាពឱសថ និងគ្រឿងសម្អាង (ដូចជាឡេលាបស្បែកជាដើម)ដើម្បីការពារសុខភាព និងអាយុជីវិតអ្នកប្រើប្រាស់។
ការណែនាំនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«មន្ទីរពេទ្យហ្លួងម៉ែ» ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីកស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ថាការត្រួតពិនិត្យគុណភាពផលិតផល ជួយការពារទាំងអ្នកប្រើប្រាស់ និងអ្នកលក់ (ជាពិសេសអ្នកលក់តាមអនឡាញតៗគ្នា ដែលមិនសូវបានដឹងច្បាស់ពីប្រភព និងគុណភាពផលិតផល)។មិនអនុញ្ញាតឱ្យក្រុមហ៊ុន ឬបុគ្គលណាម្នាក់ទទួលបានផលចំណេញ តែបែរជាបណ្តាលឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋនោះឡើយ។
ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ត្រូវមានវិធានការគ្រប់គ្រងឱ្យបានច្បាស់លាស់ និងតឹងរ៉ឹងបំផុតលើបញ្ហានេះ។«រឿងអ្វីផ្សេងអាចនិយាយគ្នាបាន តែរឿងដែលប៉ះពាល់សុខភាព និងអាយុជីវិតប្រជាជន គឺត្រូវតែច្បាស់លាស់។»