ភាពរីកចម្រើននៃវិស័យសុខាភិបាលមូលដ្ឋាន៖ពលរដ្ឋមកទទួលសេវាព្យាបាលកើនឡើងប្រមាណ ៨០%

8

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការផ្ដល់សេវាថែទាំសុខភាពនៅតាមមូលដ្ឋានមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយចំនួនប្រជាពលរដ្ឋចូលព្យាបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក បានកើនឡើងប្រមាណ៨០%។
ការថ្លែងនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ ហ្លួងម៉ែ» ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែតមណ្ឌលសុខភាពដែលមានលទ្ធភាពបើកបម្រើសេវា ២៤លើ២៤ម៉ោង នៅទូទាំងប្រទេស បានកើនឡើងរហូតដល់ជាង៩៩%។ប្រជាពលរដ្ឋភាគច្រើនបានបង្ហាញការគាំទ្រ និងសប្បាយចិត្តចំពោះការកែលម្អសេវាសាធារណៈនេះ ដែលមានគ្រូពេទ្យប្រចាំការគ្រប់គ្រាន់ និងមានការផ្គត់ផ្គង់ថ្នាំសង្កូវព្រមទាំងសម្ភារៈកាន់តែប្រសើរ។សម្តេចធិបតីបានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់ ឱ្យបន្តបំពេញតួនាទីដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និង«តម្កល់អាយុជីវិតអ្នកជំងឺជាធំ»។តាមរយៈកំណើននៃការបើកបម្រើសេវា២៤ម៉ោងនិងការយកចិត្តទុកដាក់លើគុណភាព វិស័យសុខាភិបាលសាធារណៈកម្ពុជាកំពុងទទួលបានការទុកចិត្តកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន ៕