អ៊ីរ៉ង់ព្រមានសងសឹកអ៊ុយក្រែន ក្រោយការវាយប្រហារលើនាវាពាណិជ្ជកម្មរបស់ខ្លួននៅសមុទ្រកាសព្យែន

11

អ៊ីរ៉ង់បានព្រមានសងសឹកប្រឆាំងនឹងប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការវាយប្រហារមួយទៅលើនាវាពាណិជ្ជកម្មអ៊ីរ៉ង់នៅសមុទ្រកាសព្យែន (Caspian Sea) ដែលបានសម្លាប់នាវិកម្នាក់ និងបង្កឱ្យមនុស្សជាច្រើននាក់ទៀតរងរបួស។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានហៅការវាយប្រហារនេះថាជាការបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយបានអះអាងថា ប្រទេសអ៊ីស្រាអែលជាអ្នកជំរុញទីក្រុងកៀវ ក្នុងបំណងទាញអឺរ៉ុបឱ្យចូលរួមក្នុងជម្លោះតំបន់មជ្ឈិមបូព៌ា។ លោក Ebrahim Azizi សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ ក៏បានព្រមានដែរថា អ៊ុយក្រែនបានធ្វើសកម្មភាព «ខុសឆ្គង» ដែលនឹងមិនអាចចៀសផុតពីការឆ្លើយតបវិញឡើយ ហើយទីក្រុងតេអេរ៉ង់បានកោះហៅប្រធានបេសកកម្មការទូតអ៊ុយក្រែនប្រចាំប្រទេសអ៊ីរ៉ង់ ដើម្បីតវ៉ាជាផ្លូវការចំពោះហេតុការណ៍នេះ។

 

ប្រទេសអ៊ុយក្រែនបានទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តការវាយប្រហារចម្ងាយឆ្ងាយលើនាវាចម្បាំងរុស្ស៊ី និងនាវាដឹកជញ្ជូនសម្ភារយោធាដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់នៅក្នុងតំបន់នោះ ដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានលើកឡើងពីលទ្ធផលល្អលើការវាយប្រហារនេះ។ លោក Zelenskyy ក៏បានចោទប្រកាន់រុស្ស៊ីថាបានចែករំលែកទិន្នន័យរ៉ាដាផ្កាយរណបជាមួយអ៊ីរ៉ង់ផងដែរ​ ទោះបីជាអ៊ុយក្រែន និងសម្ព័ន្ធមិត្តអះអាងថា ទីក្រុងតេអេរ៉ង់បានផ្គត់ផ្គង់ដ្រូន Shahed ឱ្យទៅទីក្រុងម៉ូស្គូសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមក៏ដោយ ។ ទោះជាយ៉ាងណា អ៊ីរ៉ង់នៅតែប្រកាន់ជំហរថា ខ្លួនមិនដែលជ្រៀតជ្រែកក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ ៕