នៅក្នុងខែឧសភា ស្រុកបានដា (Banda) នៃរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា បានរងគ្រោះដោយសាររលកកម្តៅខ្លាំងមិនធ្លាប់មាន ដែលបានអូសបន្លាយពេលពេញមួយសប្តាហ៍ ដោយសីតុណ្ហភាពឡើងខ្ពស់ចន្លោះពី ៤៧ ទៅ ៤៨ អង្សាសេ សីតុណ្ហភាពនាពេលយប់នៅបន្តរក្សាខ្ពស់ត្រឹម ៣០ អង្សាសេ ហើយពន្លឺថ្ងៃចាប់ផ្តើមបាញ់កម្តៅខ្លាំងតាំងពីម៉ោង ៦ ព្រឹក ធ្វើឱ្យប្រជាជនមានអារម្មណ៍ថា ព្រឹក និងយប់ លែងមានទៀតហើយ ។ កម្តៅដ៏ខ្លាំងក្លានេះកាន់តែអាក្រក់ទៅៗ ដោយសារការបំផ្លិចបំផ្លាញបរិស្ថាន រួមមានការបាត់បង់គម្របព្រៃឈើចំនួនមួយភាគប្រាំមួយនៅក្នុងតំបន់ និងការស្រកចុះនៃទឹកទន្លេ ខេន (Ken) ដោយសារតែការបូមខ្សាច់ ។
ប្រជាជននៅក្នុងស្រុកបានដាដែលមានចំនួនជាង ២ លាននាក់ (ភាគច្រើនជាកម្មករនិយោជិតក្រីក្រធ្វើការនៅខាងក្រៅ) មិនអាចបោះបង់ការងារចោលបានឡើយ ដូចនេះពួកគេត្រូវបង្ខំចិត្តរៀបចំកាលវិភាគជីវិតឡើងវិញដើម្បីរស់រានមានជីវិត ។ ផ្សារនានាត្រូវបើកលក់តាំងពីព្រលឹមស្រាងៗ ហើយត្រូវរៀបចំអីវ៉ាន់ត្រឡប់ទៅវិញនៅត្រឹមម៉ោង ៨ ព្រឹក ដើម្បីកុំឱ្យបន្លែផ្លែឈើរលួយ។ ចំណែកឯកម្មករត្រូវបែងចែកម៉ោងធ្វើការជាពីរវគ្គដើម្បីគេចពីកម្តៅថ្ងៃត្រង់ ដែលធ្វើឱ្យពេលវេលាបំពេញការងាររបស់ពួកគេអូសបន្លាយរហូតដល់ ១៣ ម៉ោងក្នុងមួយថ្ងៃទាំងនឿយហត់។ នៅពេលថ្ងៃត្រង់ ទីប្រជុំជននានាប្រែជាស្ងាត់ជ្រងំ ប្រជាជនក្រីក្រត្រូវជ្រកក្រោមឡានដឹកទឹក ឬក្រោមដើមស្តៅ ចំណែកអ្នកខ្លះទៀតសុខចិត្តពាក់អាវរងាក្រាស់ៗដើម្បីការពារខ្លួនពីខ្យល់កម្តៅដ៏ក្តៅហួតហែង។ អាជីវករ និងអ្នកបើកបរម៉ូតូកង់បី (E-rickshaw) បានរាយការណ៍ថា ពួកគេបានបាត់បង់ប្រាក់ចំណូលជិតពាក់កណ្តាលនៅពេលថ្ងៃ ។
ការរួមបញ្ចូលគ្នារវាងកម្តៅខ្លាំង និងសំណើម បានធ្វើឱ្យតំបន់នេះក្លាយជាចំណុចក្តៅនៃអាកាសធាតុដ៏គ្រោះថ្នាក់បំផុត។ មន្ទីរពេទ្យក្នុងស្រុកកំពុងទទួលអ្នកជំងឺជាបន្តបន្ទាប់ ជាពិសេសកុមារ និងមនុស្សចាស់ដែលធ្លាក់ខ្លួនឈឺដោយសារកម្តៅ។ អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា រលកកម្តៅខ្លាំងរយៈពេល ៥ ថ្ងៃនៅក្នុងរដ្ឋនេះ អាចបណ្តាលឱ្យមានមនុស្សស្លាប់លើសពីធម្មតារហូតដល់ទៅជាង ៨,០០០ នាក់ ដែលភាគច្រើនធ្លាក់ទៅលើប្រជាជនក្រីក្រដែលគ្មានឧបករណ៍ស្អំ ឬម៉ាស៊ីនត្រជាក់។ អ្វីដែលធ្លាប់តែជាការបន្ស៊ាំខ្លួនបណ្តោះអាសន្ន ឥឡូវនេះបានក្លាយជាតម្រូវការចាំបាច់ដាច់ខាតសម្រាប់រស់រានមានជីវិតជាប្រចាំថ្ងៃ ៕
ប្រភព៖ BBC