កងទ័ពអាមេរិកបានប្រើប្រាស់គ្រាប់មីស៊ីល Hellfire វាយប្រហារលើនាវាដឹកប្រេងដោតទង់ជាតិប្រទេសបុតស្វ៉ាណា (Botswana) មួយគ្រឿង ដែលកំពុងធ្វើដំណើរទៅកាន់កោះ Kharg របស់អ៊ីរ៉ង់ ពីបទល្មើសនឹងការបិទខ្ទប់ផ្លូវទឹករបស់អាមេរិក ហើយជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់ប្រហារលើនាវាដោតទង់ជាតិលីបេរីយ៉ាមួយគ្រឿងមកវិញ ។
អ៊ីរ៉ង់បានបាញ់មីស៊ីល និងដ្រូនសំដៅទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសគុយវ៉ែត និងទីបញ្ជាការដ្ឋានកងទ័ពជើងទឹកទី៥ របស់អាមេរិកក្នុងប្រទេសបារ៉ែន។ ទោះជាយ៉ាងណា បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានបញ្ជាក់ថា ការវាយប្រហារទាំងអស់របស់អ៊ីរ៉ង់មកលើកងទ័ពអាមេរិកត្រូវបរាជ័យ ដោយសារត្រូវបានស្ទាក់ចាប់ ឬធ្លាក់មិនដល់គោលដៅ ។
ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់តាំងពីខែមេសាក៏ដោយ ក៏ភាគីទាំងពីរនៅតែបន្តវាយប្រហារគ្នាទៅវិញទៅមកជាញឹកញាប់ អាមេរិកបានបន្តវាយប្រហារលើទ្រព្យសម្បត្តិយោធាអ៊ីរ៉ង់ និងនាវាដែលល្មើសនឹងការបិទខ្ទប់ ខណៈដែលអ៊ីរ៉ង់បានកំណត់គោលដៅវាយប្រហារលើបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រ (គុយវ៉ែត បារ៉ែន និងអារ៉ាប់រួម) ដែលផ្តល់ទីតាំងជូនមូលដ្ឋានទ័ពអាមេរិក ។
ការចរចាកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត អ៊ីរ៉ង់បានផ្អាកការចរចាកាលពីដើមសប្តាហ៍នេះ និងបានគំរាមកំហែងថានឹងបង្កើនការវាយប្រហារបន្ថែមទៀត ប្រសិនបើអ៊ីស្រាអែលនៅតែបន្តការវាយលុកលើប្រទេសលីបង់ ។
ទោះបីជាមានការវាយប្រហារគ្នាធ្ងន់ធ្ងរក៏ដោយ ក៏កិច្ចការទូតនៅតែបន្តបើកចំហដដែល ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា លោកជឿជាក់ថានិងលេចរូបរាងកិច្ចព្រមព្រៀងដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងការពន្យារពេលបទឈប់បាញ់ជាមួយអ៊ីរ៉ង់ នៅតែអាចសម្រេចបាននៅក្នុងសប្តាហ៍នេះ ហើយលោកកំពុងដាក់សម្ពាធលើអ៊ីស្រាអែលឱ្យកាត់បន្ថយប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់ផងដែរ ៕
ប្រភព៖ CNN