ស៊ើបការណ៍សម្ងាត់អាមេរិក៖ អ៊ីរ៉ង់កំពុងសម្ងំស្តារកំលាំងមកវិញដើម្បីត្រៀមប្រយុទ្ធ ហើយសម្ថភាពពិតជាមិនធម្មតា

0 7

យោងតាមការវាយតម្លៃផ្នែកស៊ើបការណ៍សម្ងាត់អាមេរិក (US intelligence) បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់កំពុងស្តារសមត្ថភាពយោធារបស់ខ្លួនឡើងវិញ ជាពិសេសការផលិតដ្រូន (Drone) និងមីស៊ីលក្នុងល្បឿនលឿនជាងការរំពឹងទុក ដោយបានឆ្លៀតឱកាសក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល ៦ សប្តាហ៍នាពេលថ្មីៗនេះ ដើម្បីចាប់ផ្តើមការផលិតឡើងវិញ ។

 

មន្ត្រីអាមេរិកបានថ្លែងថា អ៊ីរ៉ង់បានធ្វើលើសការប៉ាន់ស្មានរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់ ហើយអាចនឹងស្តារសមត្ថភាពវាយប្រហារដោយដ្រូនឡើងវិញទាំងស្រុងក្នុងរយៈពេលយ៉ាងខ្លីបំផុតត្រឹម ៦ ខែ ។

 

ប្រហែល ៥០% នៃដ្រូន, ២ ភាគ ៣ កាំភ្លើងបាញ់មីស៊ីល, និងមីស៊ីលការពារឆ្នេរសមុទ្រភាគច្រើនរបស់អ៊ីរ៉ង់ បានគេចផុតពីការវាយប្រហារតាមអាកាសរបស់អាមេរិក និង អ៊ីស្រាអែល ។ ការងើបឡើងវិញយ៉ាងរហ័សរបស់អ៊ីរ៉ង់ គឺទទួលបានជំនួយពីប្រទេសរុស្ស៊ី និងចិន (ទោះបីជាចិនបានបដិសេធក៏ដោយ) និង ជំនួយផ្សេងៗពីកន្លែងពុំទាន់បំផ្លាញដោយសត្រូវ ។

 

ទិន្នន័យនេះបានផ្ទុយស្រឡះពីសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់មេបញ្ជាការ CENTCOM ដែលធ្លាប់អះអាងថា ៩០% នៃមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញ។ ខាងផ្នែកស៊ើបការណ៍សម្ងាត់បានវែកញែកថា ការខូចខាតនោះគ្រាន់តែធ្វើឱ្យអ៊ីរ៉ង់យឺតយ៉ាវរយៈពេលរាប់ខែប៉ុណ្ណោះមិនមែនរាប់ឆ្នាំឡើយ ។

 

អ៊ីរ៉ង់នៅតែជាការគំរាមកំហែងដ៏ធំមួយនៅក្នុងតំបន់ចំពោះអ៊ីស្រាអែល និង បណ្តាប្រទេសសម្ព័ន្ធមិត្តនៅតំបន់ឈូងសមុទ្រ ខណៈពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ គំរាមថានឹងចាប់ផ្តើមការទម្លាក់គ្រាប់បែកឡើងវិញ ប្រសិនបើមិនមានកិច្ចព្រមព្រៀងការទូតចុងក្រោយណាមួយត្រូវបានបង្កើតឡើង ៕

Leave A Reply

Your email address will not be published.